រដ្ឋសភា ប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ចាប់ពីថ្ងៃទី៥ ខែមករា នេះតទៅ

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានជូនដំណឹងស្តីពីការបិទសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះតទៅ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា ៖ «សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសជូនអង្គសភាជ្រាបថា ប្រសិនបើសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ពុំមានរបៀបវារៈសម្រាប់ធ្វើការពិភាក្សា និងអនុម័តទៀតទេ សូមប្រកាសបិទសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ តទៅ»។

បើតាមសម្តេច ហេង សំរិន, សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ បានចាប់ផ្តើមពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានរយៈពេល ៣ខែ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។

សូមបញ្ជាក់ថា ពេញ១ឆ្នាំ ក្នុងឆ្នាំ២០២០ ប្រទេសកម្ពុជា បានបង្កើតច្បាប់ថ្មីចំនួន៣៦ច្បាប់។ នេះបើយោងតាមឯកសារច្បាប់ដែលរដ្ឋសភា នីតិកាលទី៦ បានអនុម័ត ចន្លោះឆ្នាំ២០១៩-ឆ្នាំ២០២o៕