រកឃើញពលករខ្មែរ ១២នាក់ទើបត្រឡប់មកពីប្រទេសថៃ មានវីរុសកូវីដ-១៩

ភ្នំពេញ ៖ ពលរដ្ឋខ្មែរ ១២នាក់ ដែលទើបត្រឡប់មកពីប្រទេសថៃ ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានឆ្លងកូវីដ-១៩ ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នេះ ។

ពលរដ្ឋខ្មែរ ២នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ ចំណែក ១០នាក់ទៀត ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

ក្រសួងសុខាភិបាល ប្រកាសថា បុរសជនជាតិខ្មែរ អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលជិតវត្តសន្សំកុសល ខណ្ឌមានជ័យ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានព្យាបាលជាសះស្បើយពីជំងឺ កូវីដ-១៩ ។

សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង១០នាក់ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបាន ដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ដោយឡែកសម្រាប់ករណីជាសះស្បើយ០១នាក់ ជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺបុរសជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្ទះជួលជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ជាបុគ្គលិកនៅហាង Pedro ផ្លូវព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០១ ខែមករា​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៧៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៦នាក់៕