សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទើបទទួលបានតំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្រ្ត នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០នេះ។
នៅលើផេកផ្លូវការ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ សម្តេចប្រធានរដ្ឋរដ្ឋសភាបានថ្លែងថា តំណក់ប្រេងដំបូងនេះ បានស្រក់ចេញមកបានដោយសារ ឆន្ទៈដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុន Kris Energy រហូតសម្រេចជាលទ្ធផលធំធេងជូនជាតិមាតុភូមិ នាពេលនេះ។ សម្តេចប្រធានបន្តថា ការទទួលបានតំណក់ប្រេងនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលពលរដ្ឋកម្ពុជាបានរង់ចំាជាយូរឆ្នាំមកហើយ។ ធនធានដ៏មានតម្លៃរបស់ជាតិយើងនេះ នឹងក្លាយជាប្រភពថ្មីមួយទៀត ក្នុងការជំរុញខឿនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន ធូរធាឡើងមួយកម្រិតទៀតនាពេលអនាគត។
សម្តេចប្រធានបានបន្ថែមថា តំណក់ប្រេង ជាសមិទ្ធផលថ្មីបានកើតមាននៅក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ។ សម្តេចក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព ដែលកម្ពុជាទទួលបានមកដោយលំបាក ឱ្យបានគង់វង្ស ដើម្បីប្រទេសជាតិយើង ទទួលបានការអភិវឌ្ឍ ឥតឈប់ឈរជារៀងរហូតទៅ៕