(វីដេអូ) រកឃើញរថយន្តលុចសីសពណ៌ខ្មៅដែលជនដៃដល់ជិះពេលបាញ់សម្លាប់មន្ត្រីប៉ូលិសម្នាក់

ភ្នំពេញ ៖ សមត្ថកិច្ច បានតាមរកឃើញរថយន្តលុចសីសពណ៌ខ្មៅមួយគ្រឿង ដែល​គេ​អះ​អាង​ថា ជារថយន្តរបស់ខ្មាន់កាំភ្លើងបាញ់សម្លាប់លោកនាយរងការិយាល័យកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ និងជាថៅកែហាងលក់បាយម្តុំបាក់ទូក កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះ ត្រូវបានប្រទះឃើញរថយន្តនៅក្បែរវីឡាតឿកូនកាត់មួយខ្នង ស្ថិតនៅក្នុង​ភូមិ​ស្វាយ​​ឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ។

ប្រភពព័ត៌មានបន្តថា រថយន្តនេះបានបែកខ្ទេច​ផ្នែក​ខាងមុខ ហើយ​ត្រូវបាន​គេដោះ​ផ្លាក​លេខ​ចេញទៀតផង ដោយ​ចត​អែប​​កៀន​ផ្ទះយ៉ាងត្រឹមត្រូវ​តែម្តង ។ ​ហើយ​សមត្ថ​កិច្ច​ក៏កំពុង​សង្ស័យមាន​​​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ម្ចាស់​ផ្ទះ​​នេះ​​ផង​ដែរ ។ ​

បើតាម​ម្ចាស់ផ្ទះ​បាន​អះអាងប្រាប់​សមត្ថ​កិច្ចថា កាលពី​ម៉ោងប្រហែល​ ២​​រំលងអធ្រាត្រ​ ថ្ងៃ​ដដែល ​គាត់​បានធុំក្លិន​ឈ្ងៀម​​នៅជិតផ្ទះ ហើយគាត់បាន​​​ចេញមក​មើល​ ក៏ឃើញ​បុរស​ម្នាក់​​បាន​ឡើងជិះម៉ូតូមួយគ្រឿង​ចេញទៅបាត់​ហើយ ដោយ​​ទុក​​រថយន្ត​ចត​ចោល​នៅ​​ទីនេះ ។

គួររំលឹកថា លោករ៉េត ស៊ីនេត អាយុ៤០ឆ្នាំ ជានាយរងការិយាល័យព្រហ្មទណ្ឌស្រាលនៃស្នងការរាជធានីភ្នំពេញ ត្រូវខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់បណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ការបាញ់នេះ ក្រោយជនរងគ្រោះ និង ក្រុមជនបង្កជួបគ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួច ។

អំពើបាញ់ប្រហារយ៉ាងសាហាវ នេះ កើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះ បើករថយន្តម៉ាក FORD ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2BD-3738 តាមមហាវិថីហសព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ។

ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡិចស៊ីស ពណ៌ខ្មៅមួយគ្រឿង បើកមកបុកគូទឡានបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច ។ បន្ទាប់មកភាគីទាំងសងខាងបានឈប់ដើម្បីចរចាគ្នាដោយភាគីបានសម្រួលគ្នា ដោយគ្រាន់តែអោយភាគីបង្កយករថយន្តទៅជួសជុលដើម្បីបញ្ចប់រឿងប៉ុណ្ណោះ ។
តាមប្រភពព័ត៌មានដដែលបន្តថា បន្ទាប់មក ស្រាប់តែម្ចាស់រថយន្តបង្កឡើងទៅលើរថយន្តចំណែកបក្ខពួក២នាក់ទៀតបានដកកាំភ្លើងមិនចាំម៉ាកបាញ់ប្រហារទៅលើជនរងគ្រោះជាច្រើនគ្រាប់ ។ ក្រោយមក ក្រុមជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់មកទៀត ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះតែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ចំពោះការបាញ់ប្រហារ នេះ តើកើតឡើងភ្លាមៗក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ឬ ជាការរៀបចំគម្រោងបាញ់សម្លាប់ជនរងគ្រោះ ជាមុន ។

ទោះបីជាយ៉ាងណា សមត្ថកិច្ច​បាន​ឃាត់​ខ្លួនម្ចាស់​ផ្ទះ​​​ខាងលើ​នាំយកទៅសាកសួរ​បន្ត​ ​ខណៈ​​កំពុង​មានការ​សង្ស័យច្រើនទៅ​​លើ​ម្ចាស់ផ្ទះនេះ​​ ៕