ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចមិនអនុញ្ញាតឱ្យមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះទេ ដោយសម្ដេចឱ្យសិស្សថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ ជាប់សញ្ញាបត្របាក់ឌុបទាំងអស់គ្នាដោយស្វ័យប្រវត្តិ។ ការសម្រេចនេះ បានធ្វើឡើងក្នុងការថ្លែងសារ ដ៏សំខាន់រយៈពេលជិត ៤ម៉ោង នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំជាប្រមុខដឹកនាំប្រទេស ខ្ញុំទទួលខុសត្រូវចំពោះមុខរដ្ឋសភា ហើយក៏ទទួលខុសត្រូវចំពោះមុខព្រះភ័ក្តព្រះមហាក្សត្រ ធ្វើឱ្យកូនគេស្លាប់ ឆ្លងពេញទឹកពេញដី ដោយតែរឿងរបស់អស់លោកធ្វើហ្នឹង។ ដូច្នេះខ្ញុំត្រូវមានសិទ្ធិអារកាត់ ខ្ញុំមិនឱ្យប្រឡងទេ នៅថ្ងៃទី១១ ខែមករា នេះ។
ពាក់ព័ន្ធនឹងការប្រឡងឌីប្លូមវិញ សម្ដេចតេជោ ហ៊ុន សែន ក៏សម្រេចឱ្យជាប់ទាំងអស់ ដោយថ្លែងថា «បើជាជ្រុលអីច្ចឹងហើយ ហង់ជួន ណារ៉ុន អើយ ទៅជាអីច្ចឹងទៅ ។ យើងទទួលយកការការពិតនៃសភាពការណ៍នេះ បើទោះបីជាអញ្ចឹង ក៏វាគ្រាន់ជាងសម័យ ប៉ុល ពត ដែលមិនបានរៀន។
សម្តេចតេជោ នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអះអាងដោយសង្កត់ធ្ងន់ថា «ការសម្រេចបែបនេះ ព្រោះជាសិទ្ធិអ្នកនយោបាយដែលជាអ្នកកាន់ដឹកនាំប្រទេស»៕