ការប្រឡងវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា ២០១៩-សា២០២០ នេះ ទំនងជាមិនអាចដំណើរការបានទេ ដោយសារព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» មិនទាន់អាចបញ្ចប់បានមុនកាលបរិច្ឆេទនៃការប្រឡង។
សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់យោបល់ទៅកាន់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ តាមរយៈការផ្សាយផ្ទាល់ចេញពីវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះឲ្យពិចារណា លើការយកពិន្ទុប្រចាំឆមាស សម្រេចថា ឲ្យសិស្សជាប់បាក់ឌុប ឬធ្លាក់ ដែលទំនងជាដោយសារសម្តេចនាយករដ្ឋមន្រ្តី យល់ថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មិនទាន់មានភាពច្បាស់លាស់។
សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍បែបនេះ ក្នុងឱកាសផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៥ ខែធ្នូ នេះ ដើម្បីផ្ញើសារទៅកាន់ជនរួមជាតិ ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា។
សម្តេចមានប្រសាសន៍ថា ៖ «សូមឲ្យក្រសួងអប់រំ ពិចារណាទៅលើលទ្ធភាពនៃការវាយតម្លៃពិន្ទុឆមាស ជំនួសឲ្យការប្រឡង ដោយការយកការប្រឡងឆមាសរបស់បេក្ខជនម្នាក់ៗ ដើម្បីកំណត់ថា ជាប់ ឬធ្លាក់។
សូមជម្រាបថា ការប្រឡងបាក់ឌុប នឹងរៀបចំឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែ ទំនងជាប្រមុខរដ្ឋាភិបាល បានវាយតម្លៃពីព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» មិនទាន់អាចបញ្ចប់ឲ្យបាននៅមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដើម្បីអាចដំណើរការប្រឡងបាន៕