ដីព្រៃកោងកាងរាប់រយហិកតាក្នុងខេត្តកោះកុងកំពុងរងការទន្ទ្រានធ្វើជាកម្មសិទ្ធិឯកជន

ខេត្តកោះកុង ៖ ដីព្រៃកោងកាង ឬដីព្រៃលិចទឹកជាជម្រកត្រីសមុទ្របន្តពូជ មានទីតាំងនៅភូមិ តាម៉ាន សង្កាត់ ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដែលត្រូវគេដឹកដីចាក់លុប ក្នុងអំឡុងពេល៣សប្តាហ៍មុននេះ។

ប្រជាពលរដ្ឋ និង ប្រជានេសាទរស់នៅក្នុងខេត្តកោះកុងជាច្រើននាក់បន្តព្រួយបារម្ភពីដីព្រៃលិចទឹក ឬព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជ កំពុងរងការរំលោភដោយដឹកដីចាក់ធ្វើផ្លូវចូលកាប់បំផ្លាញរានដីធ្វើកម្មសិទ្ធិឯកជនទៅលើតំបន់ដីព្រៃលិចទឹកមានវិសាលភាពរាប់រយហិកតា នាមូលដ្ឋានក្នុងភូមិតាម៉ាន សង្កាត់ស្ទឹងវែង ក្រុង ខេមរភូមិន្ទ ខេត្តកោះកុង។

ការព្រួយបារម្ភនេះ បានកើតមានជាថ្មីទៀត ព្រោះរាល់ថ្ងៃនេះមានរថយន្តដឹកដីធំៗ និងគ្រឿងចក្រជាច្រើនគ្រឿង បានដឹកដីចាក់លុបតំបន់ព្រៃកោងកាងទាំងនោះដោយគ្មានអាជ្ញាធរទប់ស្កាត់ទេ។
ភ្លៀវទេសចរណ៍ និងប្រជាពលរដ្ឋមានរបរជាអ្នកនេសាទសមុទ្រនាខេត្តព្រះកោះកុង បាន អះអាងថា ដីព្រៃលិចទឹក ឬព្រៃកោងកាង ជា ជម្រកត្រីសមុទ្របន្តពូជន៍ រាប់រយ ហិចតា មានទីតាំងនៅឃុំ ស្ទឹងវែង ក្នុងក្រុង ខេមរៈភូមិន្ទ គេកំពុងដឹកដីចាក់ធ្វើផ្លូវជាមុនសិន បន្ទាប់មក គេកាប់ព្រៃរួចដឹកដីចាក់លុប ដើម្បីបំផ្លាញព្រៃលិចទឹកនៅក្នុងតំបន់នេះអោយរលាយហិនហោចអស់។

ស្ថិតនៅក្នុងសកម្មភាពនេះ ភ្លៀវទេសចរណ៍ក្នុងស្រុក និងប្រជាពលរដ្ឋ ប្រជានេសាទទាំងអស់ សំណូមពរ ដល់ថ្នាក់ដឹកនាំនៅតាមក្រសួងពាក់ព័ន្ធ ជាពិសេស សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេល ព្រោះរាល់ថ្ងៃនេះមានរថយន្តដឹកដីធុនធំជាច្រើនគ្រឿង បានសម្រុកដឹកដីចាក់លុបដីព្រៃលិចទឹកនៅភូមិស្ទឹងវែងនេះ ក្នុង ក្រុងខេមរ:ភូមិន្ទ យ៉ាងអនាធិបតេយ្យ និងគ្មានអាជ្ញាធរទប់ស្កាត់ទេ។ ពលរដ្ឋ ដដែល ក៏ស្នើដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និង រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តម សាយ សំអាល់ ជួយបញ្ជូនមន្ត្រីស្អាតស្អំចុះពិនិត្យសកម្មភាពចាក់ដីលុបព្រៃលិចទឹក ឬព្រៃកោងកាងរាប់រយ ហិចតា នៅមូលដ្ឋាន សង្កាត់ ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដើម្បីសង្គ្រោះជម្រកត្រីសមុទ្របន្តពូជនាមូលដ្ឋាននេះឲ្យបានគង់វង្ស។

ប្រជាពលរដ្ឋ ដដែលបាន បន្តថា ៖រាល់ថ្ងៃនេះ ឈ្មួញ និងមន្ត្រីមានអំណាចមួយចំនួន បានបន្តមានមហិច្ឆតារំលោភដីបរិវេណព្រៃលិចទឹកនៅតាមតំបន់ឆ្នេរមួយចំនួននាខេត្តកោះកុង រំលោភយកធ្វើកម្មសិទ្ធិឯកជនមានតាមរយៈរូបភាពស្របច្បាប់ និងខុសច្បាប់ ព្រោះកន្លងមកមានមន្ត្រីខ្លះនៃស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង បានជួយសម្រួលឈានដល់ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់ប្រព័ន្ធ ជូនបុគ្គលឯកជនមួយចំនួននោះថែមទៀត៖ «យើងឃើញថា សមត្ថកិច្ចពាក់ព័ន្ធ និងតុលាការនាពេលកន្លងមក នៅពេលមានបទល្មើសព្រហ្មទណ្ឌកើតឡើង អាជ្ញាធរ និងតុលាការ គឺបានសហការគ្នាធ្វើការងារនេះយ៉ាងសស្រាក់សស្រាំ។ ចុះហេតុអ្វីបានជាសកម្មភាររំលោភយកដី សាធារណៈរបស់រដ្ឋ បានកើតឡើង ដោយមានសកម្មភាពជាសាធារណៈ ចុះហេតុអ្វីបានជាជនប្រព្រឹត្តិបទល្មើស និងអាជ្ញាធរឃុបឃិតពាក់ព័ន្ធ មិនខ្លាចញញើតច្បាប់បែបនេះទៅវិញ?»។

ភ្លៀវទេសចរណ៍និង ប្រជាពលរដ្ឋ ចាត់ទុកសកម្មភាពរបស់ឈ្មួញដឹកដីចាក់លុបព្រៃកោងកាងយ៉ាងអនាធិបតេយ្យ ដោយគ្មានមន្ត្រីពីស្ថាប័នពាក់ព័ន្ធចុះហាមឃាត់ គឺបានអនុវត្តផ្ទុយ ឬផ្គើនទៅនឹងបទបញ្ជា របស់សម្តេច យករដ្ឋមន្ត្រី ហ៊ុន សែន ដែលកន្លងមក សម្តេច ដាក់ វិធានការ ឲ្យមន្ត្រីក្រោមឱវាទមានក្រសួងដែនដី និងក្រសួងកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំខេត្តជាប់សមុទ្រទាំង ៤ មានខេត្តកែប- ខេត្តកំពត-ខេត្តព្រះសីហនុ និង ខេត្ត កោះកុង ជាដើម ឲ្យថែរក្សាការពារដីព្រៃលិចទឹក ឬព្រៃកោងកាងឲ្យបានគង់វង្ស៕  ដោយ  ៖  មនោរាហ៍