ក្រសួងសុខាភិបាល បានច្រានចោលព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ដែលថាមានករណីអ្នកត្រូវធ្វើតេស្ត បានចេញទៅហូបបាយនៅខាងក្រៅទីតាំងចត្តាឡីស័ក។
ថ្មីៗនេះ មានការបង្ហោះសារចែកតគ្នាថា ៖ « មានអ្នកកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ហើយបានលួចចេញមកស៊ីបាយនៅហាងក្រៅ ធ្វើឲ្យវេទនាមនុស្សមួយហាងទៀត»។ ហាងខាងក្រៅនោះ គឺសំដៅទៅអាហារដ្ឋានមិត្តភាព ដែលស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ដើម្បីឆ្លើយតបនឹងព័ត៌មានមិនច្បាស់ការណ៍ខាងលើនេះ ហើយកំពុងចែកចាយបន្តគ្នានោះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា «គ្មានព័ត៌មាន អ្នកធ្វើចត្តាឡីស័ក ចេញទៅហូបបាយនៅអាហារដ្ឋានមិត្តភាពនោះទេ»។
លោកជំទាវ ឱ វណ្ណឌីន បានឆ្លើយតបតាមទូរស័ព្ទថា ៖ “យើងមិនមានព័ត៌មានដូចនេះទេ” ។ លោកជំទាវបានប្រាប់ថា គួរតែទៅសួរអ្នកដែលបង្ហោះរឿងទាំងនោះវិញ។
សូមរំលឹកថា ក្រសួងសុខាភិបាល តែងប្រកាសជាញឹកញយថា ព័ត៌មានជុំវិញករណីកូវីដ-១៩ គឺសូមតាមដាន និងស្រង់យកពីការប្រកាសរបស់ក្រសួងសុខាភិបាល ដែលជាប្រភពផ្លូវការ និងម្តងម្កាល គឺផេក សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងករណីចាំបាច់បំផុត មិនគួរប្រញាប់ប្រញាល់ផ្សព្វផ្សាយដោយគ្មានការបញ្ជាក់ជាផ្លូវការរបស់ស្ថាប័នជំនាញនោះទេ៕