ក្រសួងប្រាប់ឲ្យប្រុងប្រយ័ត្នពីសកម្មភាពឆបោកតាមបណ្តាញបច្ចេកវិទ្យា

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃនៅថ្ងៃទី១៤ ខែធ្នូនេះ បានប្រកាសថា ថ្មីៗនេះសកម្មភាពឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលើបណ្តាញទំនាក់ទំនងសង្គមបានបន្តកើតឡើងជាច្រើនករណី។ អំពើឆបោកប្រាក់ប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថា នឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូនជនរងគ្រោះដូចការសន្យានោះឡើយ។

នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់ថា ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជនបានស្វែងរកលេខទូរស័ព្ទ ឬអ៊ីម៉ែលរបស់ជនរងគ្រោះលើបណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជនទាក់ទងទៅកាន់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសឆបោកមួយចំនួនដូចជា៖

១- ប្រាប់ជនរងគ្រោះថា ទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

២- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

៣- ប្រាប់ជនរងគ្រោះថា ខ្លួនមានឧបករណ៍និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ដើម្បីបញ្ជូនឧបករណ៍ទាំងនោះទៅឲ្យជនរងគ្រោះ។

៤- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៥- ប្រាប់ជនរងគ្រោះថាទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ។

៧- ប្រាប់ជនរងគ្រោះថា ពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។

៨- ប្រាប់ជនរងគ្រោះថា នឹងទទួលបានប្រាក់ចំណេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន។

៩- បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម ជាបុរស ឬនារីស្អាតៗ ប្រើប្រាស់មនោសញ្ចេតនាឆបោកប្រាក់ពីជនរងគ្រោះ (Romantic Scam)។

រាល់ឧបាយកលទាំងនេះ បន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ ឧក្រិដ្ឋជនពុំបានធ្វើតាមការសន្យា ផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ហេតុផលផ្សេងៗ ដើម្បីទទួលបានប្រាក់ជាបន្តបន្ទាប់ពីជនរងគ្រោះ។ ដូច្នេះនាយកដ្ឋានព័ត៌មានវិទ្យា ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពិចារណា កុំឲ្យក្លាយខ្លួនជាជនរងគ្រោះ និងធ្វើសេចក្តីរាយកាណ៍ ឬដាក់ពាក្យបណ្តឹងដល់អាជ្ញាធរមានសមត្ថកិច្ច នៅពេលជួបបទល្មើសខាងលើ៕