ប្រទេសវៀតណាម ទិញចរន្តអគ្គិសនីបន្ថែមពីប្រទេសឡាវ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៏ថា ប្រទេសវៀតណាមគ្រោងនឹងនាំចូលអគ្គិសនីបន្ថែមទៀតពីប្រទេសឡាវ ដើម្បីដោះស្រាយកង្វះថាមពល។ កាសែត Vientiane Times ក្នុងស្រុកបានដកស្រង់សម្តីអនុរដ្ឋមន្រ្តីក្រសួងថាមពលនិងរ៉ែ លោក Daovong Phonekeo បាននិយាយថាប្រទេសវៀតណាមកំពុងទិញអគ្គិសនីពីរោងចក្រថាមពលដែលសាងសង់ដោយវិនិយោគិនឡាវនិងវៀតណាម។ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ប្រទេសវៀតណាមនឹងទិញអគ្គិសនី ៣.០០០ មេហ្គាវ៉ាត់ ពីប្រទេសឡាវក្នុងតម្លៃ ៦.៩៥ សេនដុល្លារក្នុងមួយគីឡូវ៉ាត់

គេរំពឹងថាបរិមាណអគ្គិសនីដែលបានលក់ទៅឱ្យប្រទេសវៀតណាមនឹងកើនឡើងដល់ ៥,០០០ មេហ្កាវ៉ាត់ នៅចន្លោះឆ្នាំ ២០២៦ និង ២០៣០ ជាមួយនឹងតម្លៃដែលត្រូវកំណត់ឡើងវិញ។ លោក Daovong បាននិយាយថាប្រទេសឡាវមានសក្តានុពលធំធេងក្នុងការផលិតថាមពលពីរោងចក្រវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងរោងចក្រដើរដោយថាមពលខ្យល់ សម្រាប់លក់ទៅឲ្យប្រទេសវៀតណាមនិងប្រទេសកម្ពុជា។ បច្ចុប្បន្នប្រទេសឡាវមានរោងចក្រវារីអគ្គិសនីចំនួន ៧៨កន្លែង ជាមួយកម្លាំងដែលបានដំឡើងរួម ៩.៩៧២ មេហ្កាវ៉ាត់កំពុងដំណើរការ ដែលលើសពីតម្រូវការប្រើប្រាស់ក្នុងស្រុក។ ប្រទេសនេះក៏មានរោងចក្រថាមពលធ្យូងថ្ម និងរោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន ៦ ផងដែរ។

អគ្គិសនីគឺជាផ្នែករកប្រាក់ចំណូលដ៏សំខាន់មួយរបស់ប្រទេសឡាវ ជាពិសេសតាមរយៈការលក់ទៅឲ្យប្រទេសថៃវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះដែរតម្រូវការអគ្គិសនីនៅក្នុងប្រទេសឡាវបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០១៩ ដោយសារការកើនឡើងនៃចំនួនប្រជាជននិងចំនួនរោងចក្រកើនឡើង។ នៅឆ្នាំ ២០១៩ ការប្រើប្រាស់ក្នុងស្រុកមានចំនួន ១,២២២ មេហ្កា វ៉ាត់ ហើយក្រសួងថាមពលនិងរ៉ែ ប្រទេសឡាវ បាននិយាយថាការប្រើប្រាស់អគ្គិសនីត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១.៨០០ មេហ្គាវ៉ាត់ នៅចន្លោះឆ្នាំ ២០២០ និង ២០២៥ ៕