អាជ្ញាធររាជធានី ណែនាំមន្ត្រីចុះត្រួតពិនិត្យតាមសាលារៀនជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ការរីករាលដា ជំងឺកូវីដ-១៩

អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំអោយ មន្ទីរអប់រំយុវជននិងកីឡានិងការិយាល័យអប់រំ នៅតាមបណ្ដាខណ្ឌទាំងអស់ ត្រូវចុះត្រួតពិនិត្យជាប្រចាំនៅតាមបណ្ដាលសាលារៀនពាក់ព័ន្ធនឹងវិធានការបង្ការទប់ស្កាត់នូវការរីករាលដាជំងឺកូវីដ-១៩ ខណៈដែលសាលារៀនបានបើកឲ្យដំណើរការឡើងវិញ ជាលើកទីពីរ នៅថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ។

ការណែនាំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងពិធីប្រគល់ ទទួលសម្ភារៈ បង្ការការពារជំងឺកូវីដ-១៩ពីអង្គការយូនីសេហ្វ( UNICEF) នៅមន្ទីរអប់រំយុវជន និងកីឡា រាជធានី ភ្នំពេញ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងលើកឡើងថា ជំងឺកូវីដ-១៩ បានឆ្លងរាល ដាលពេញ ពិភពលោក ដោយបានឆ្លងដល់មនុស្ស គិតមកដល់ពេលនេះ ចំនួនជាង២៨លាននាក់ ហើយ ក្នុងនោះបានធ្វើឲ្យមនុស្សស្លាប់ជាង៩០ម៉ឺននាក់។

លោក បិនចាមិន វីវ៉ូឡាវអឺ (Benjamin Wohlauer) អនុប្រធានបេសកកម្មការទូត នៃស្ថានទូត អាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក មានទំនាក់ទំនង ការ ទូត ជាមួយគ្នាជាង ៧០ឆ្នាំ កន្លងមកហើយ ក្នុងនោះអាមេរិកបានចូលរួមជាច្រើន ជាមួយរាជរដ្ឋា ភិបាល កម្ពុជា ដោយបានផ្ដល់នូវសម្ភារៈ ក៏ដូចជាថវិកាមួយចំនួន ក្នុងរយៈពេលវែង ដល់កម្ពុជា ។ ជាក់ស្តែង សម្រាប់ពេលនេះ សហរដ្ឋអាមេរិក បានផ្ដល់នូវថវិកា សំភារៈនិងឧបករណ៍មួយចំនួន ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ដោយបានសហការជាមួយគ្នាជាដៃគូជាច្រើន ក្នុងកិច្ចការពារជំងឺកូវីដ-១៩នេះ ជាពិសេសដល់សិស្សានុសិស្ស ដែលបើកអោយដំណើរការរៀន សូត្រឡើងវិញជាលើកទី២នេះ ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក អង្គការយូនីសេហ្វ ពេលនេះបានផ្ដល់នូវសម្ភារៈ សម្រាប់បង្ការការពារជំងឺកូវីដ-១៩ ដល់គ្រឹះស្ថានសិក្សាសាធារណៈ នៅក្នុងរាជធានីភ្នំពេញជាង ២០០អង្គភាព ហើយសម្ភារៈទាំងនេះ រួមមានជែលលាងដៃ ចំនួន ៣៤០៥ដប សាប៊ូលាងដៃ ៣៩ ៧២៥ដុំ ឧបករណ៍វាស់កំដៅ ចំនួន ៤៨៩គ្រឿង និងផ្ទាំងរូបភាពផ្សព្វផ្សាយការអប់រំបង្ការជំងឺកូវីដ-១៩ ចំនួន ៣៥០០សន្លឹក។
លោកប្រធានបញ្ជាក់ទៀតថា អនុវត្តទៅតាមការណែនាំរបស់ អភិបាលនៃគណៈអភិបាល រាជធានី ភ្នំពេញ ខណៈដែលសាលារៀន បានបើកឲ្យសិស្សានុសិស្សចូលរៀនវិញ ក្នុងដំណាក់កាលទី២ កាលពីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០នេះ យើងបានណែនាំឱ្យសាលារៀន និមួយៗបាញ់ថ្នាំសម្លាប់ មេរោគ នៅក្នុងបរិវេណសាលា ដែលបានមកពីការជួយឧបត្ថម្ភពីសាលារាជធានីភ្នំពេញ៕