អាជ្ញាធររាជធានីភ្នំពេញ ណែនាំដល់វិស័យទេសចរណ៍ការពារជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញម្ចាស់អាជីវកម្ម ផ្ទះសំណាក់ ភោជនីយដ្ឋាន សណ្ឋាគារ មកពង្រឹងគុណភាពផលិតផលទេសចរណ៍ ចូលរួមការពារសុវត្ថិភាពពីជំងឺកូវីដ.១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

នៅក្នុងកិច្ចប្រជុំអប់រំផ្សព្វផ្សាយ ឲ្យយល់ដឹងពីវិធីបង្កាជំងឺកូវិដ.១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ ជាពិសេសម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលក្រសួងសុខាភិបាលដាក់ចេញ និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូរឹង-១៩ ជាពិសេសការកត់ត្រាភ្ញៀវទេសចរ ដែលចូលទៅកម្សាន្តតាមគោលដៅទេសចរណ៍នានា ដោយមានរៀបចំត្រួតពិនិត្យកំដៅ មានទឹកអាល់កុលឬជែលសម្លាប់មេរោគជូនភ្ញៀវទេសចរ ប្រើប្រាស់ម៉ាស់ឬក្រមាឲ្យបានត្រឹមត្រូវ ដោយសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ ធ្វើការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ និងទីចំណតជូនភ្ញៀវទេសចរឲ្យបានល្អប្រសើរ។

ឯកឧត្តម អភិបាលរងបានបន្ដថា បានជម្រុញមានសហការជាមួយ មន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធ ដើម្បីអប់រំណែនាំ ដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរ ឲ្យចូលរួមថែរក្សាបរិស្ថាន អនាម័យ ដោយលុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្តេសផ្តាស ជាពិសេសបញ្ឈប់ការបោះចោលក្រដាស ក្រោមតុនិងត្រូវចាត់វិធានការ តាមគ្រប់រូបភាព ដើម្បីធានាអនាម័យ ក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបំរើការ ត្រូវមានឯកសណ្ឋានឲ្យបានត្រឹមត្រូវ។

លើសពីនេះក័ត្រូវសហការជាមួយអាជីវករនិងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផលនិងសេវាឲ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារនិងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់ ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាង ដែលបានបិទផ្សាយម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ មួយវិញទៀតក៏ត្រូវធ្វើការណែនាំម្ចាស់ទូកដ និងកាណូតទេសចរណ៍ ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរ កាត់សមុទ្រទន្លេ ស្ទឹងនិងបឹង មិនឲ្យផ្ទុកលើសចំណុះកំណត់ និងត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់គ្រប់ៗទូឬកាណូតទាំងអស់៕