ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ច ប្រជុំស្តាប់ របាយការណ៍របស់ក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញ លោកស្រីអភិបាលរងស្រុកព្រៃនប់ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំថា រដ្ឋបាលខេត្តចង់ឃើញគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ក្រុមហ៊ុនត្រូវរៀបចំប្លង់គោលនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ផ្តល់សក្តានុពលដល់ការអភិវឌ្ឍ ដើម្បីប្រើប្រាស់ប្រយោជន៍រួម ទន្ទឹមនោះត្រូវពិនិត្យសាវតារអ្នកកាន់កាប់ដីឱ្យបានត្រឹមត្រូវ ។ ក្រុមហ៊ុនត្រូវគោរពតាមប្លង់មេរបស់ខេត្តព្រះសីហនុ ព្រោះការអភិវឌ្ឍត្រូវពិនិត្យមើលប្រភពទឹក ភ្លើង ផ្លូវ និងអាងប្រព្រឹត្តកម្មដើម្បីបំរើឱ្យការងារអភិវឌ្ឍន៍ប្រកបដោយតម្លាភាព រក្សាធនធានធម្មជាតិ និងបរិស្ថានល្អក្នុងតំបន់។
លោក Fu Xian Ting អគ្គនាយកក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីរេឡុបមេន ខមភេនី បានបញ្ជាក់ថាក្រុមហ៊ុនបានសុំសិទ្ធវិនិយោគនៅឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនបានធ្វើការកែសម្រួលប្លង់មេសម្រាប់ផែនកាមេនៃតំបន់ឆ្នេរមាស ឆ្នេរប្រាក់ មកជាទម្រង់អភិវឌ្ឍន៍រចនាសម្ព័ន្ធនៃការអភិវឌ្ឍន៍ “ទីក្រុងជាយ” នៃផែនការដើមតំបន់ឆ្នេរប្រាក់ បានកែសម្រួលមកជាទម្រង់អភិវឌ្ឍន៍គ្រប់ជ្រុង ជ្រោយ “អ័ក្ស១ ខ្សែតំបន់ ២ អនុតំបន់ ៤”។រចនាសម្ព័ន្ធនិងមុខងារនៃការកែសម្រួលបង្ហាញពីលក្ខណៈពិសេសនៃ”ពហុតំបន់វិមជ្ឈការ” ។
ដីប្រើប្រាស់សម្រាប់ការអភិវឌ្ឍបែងចែកជាប្រភេទផែនការនៃប្រទេសជឿនលឿនដោយបែងចែកជា៨ប្រភេទធំៗនិង ២៦ប្រភេទបន្ទាប់បន្សំដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការអភិវឌ្ឍ។ បណ្តាញផ្លូវ ផ្អែកលើការវិភាគភូមិសាស្ត្រយ៉ាងត្រឹមត្រូវ ក្រុមហ៊ុនបានប្តូរបណ្ដាញផ្លូវដែល”ចេញពីចំណុចកណ្ដាល”មកជា”បណ្តាញផ្លូវហ៊ុមព័ទ្ធតំបន់ភ្នំធម្មជាតិ” មានប្រវែងសរុបកើនឡើង ៤០ភាគរយ បើប្រៀបធៀបនឹងផែនការដើម៕ ដោយមនោរាហ៍