ដំណឹងល្អ ៖ ថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ នៅកម្ពុជា បានជាសះស្បើយអស់ហើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះអ្នកជំងឺកូវីដ១៩ចុងក្រោយត្រូវបានព្យាបាលជាសះស្បើយ (ករណីព្យាបាលជាសះស្បេីយ ១០០% ជាលេីកទីពីរ ) ហើយមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។

អ្នកជំងឺកូវីដ១៩ ចុងក្រោយគេ ដែលព្យាបាលជាសះស្បើយនេះ ជាបុរសជនជាតិកមព្រះសីហនុ។ បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនសរុប ២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៧៤នាក់ (ជាអស់១០០ភាគរយ)៕