រយៈពេល៤ខែ មានយានយន្តជាង ២,៥ម៉ឺនគ្រឿងចូលកាត់ឈ្មោះផ្ទេរកម្មសិទ្ធិទៅម្ចាស់ថ្មី

ក្នុងរយៈពេល ៤ខែ មានយានយន្តចំនួន ២៥ ៦០០គ្រឿង ត្រូវបានយកមកកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិទៅម្ចាស់ថ្មី ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពន្យារកាត់ឈ្មោះនេះ ទៅដល់ចុងខែកញ្ញា ខាងមុខ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា គិតចាប់ពីខែឧសភា រហូតមកទល់ខែសីហា ឆ្នាំ២០២០ នេះ ក្រសួងបានផ្ដល់សេវាផ្ទេរកម្មសិទ្ធិយានយន្តជូនម្ចាស់ថ្មីបានចំនួន ២៥ ៦០០ គ្រឿងរួមមានទាំងរថយន្ត និងម៉ូតូ។ ទោះជាយ៉ាងនេះក្តី លោកបានអំពាវនាវដល់ម្ចាស់យានយន្តដែលមិនទាន់មកបំពេញបែបបទនេះត្រូវប្រញាប់រួសរាន់ ខណៈថ្ងៃផុតកំណត់កាន់តែខិតជិតឈានចូលមកដល់ គឺនៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។

លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ពីផលលំបាកថា ៖ «បើយើងមិនបានកាត់ឈ្មោះទេ គឺរថយន្តហ្នឹង នៅជាប់ឈ្មោះម្ចាស់ដើម ប្រសិនយើងត្រូវការលក់ឡាននោះវិញ គឺយើងត្រូវតែស្វែងរកម្ចាស់ឡានដើមមកបញ្ជាក់ថាឡានហ្នឹង ពិតជារបស់យើងមែន ព្រោះកាតគ្រីឡាននៅលើឈ្មោះម្ចាស់គេដើមនៅឡើយ។ វាធ្វើឲ្យវែងឆ្ងាយ ចំណាយពេលយូរទៀត ប៉ុន្ដែបើយើងកាត់ដាក់ឈ្មោះរួចហើយ បើចង់លក់ដូរ គឺងាយស្រួល ព្រោះកាតគ្រីជាឈ្មោះយើងស្រាប់ហើយ»។

លោក ហ៊ាង សុទ្ធាយុត្តិ បន្តថា បន្ទាប់ពីផុតកំណត់នៅខែកញ្ញាទៅ លោកមិនទាន់ដឹងថាតើត្រូវពន្យារពេលបន្ថែម ឬមួយយ៉ាងណាទេ ប្រសិននៅមានយានយន្តច្រើនមិនទាន់បានបញ្ជូនយកមកកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិតាមច្បាប់។ ដូច្នេះមន្ត្រីជំនាញនឹងរង់ចាំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនសិន៕ sam ang