ភ្នំពេញ ៖ ទំនងជាផ្ដើមពីទំនាស់ក្នុងគ្រួសារ បុរសជាប្ដីខឹងប្រពន្ធ បានដាច់ចិត្តសម្លាប់កូនតូចៗខ្លួនឯងចំនួន ៣នាក់គួរឲ្យអាណោចអាធម៌ រួចសម្លាប់ខ្លួនឯងតាមក្រោយ ដែលហេតុការណ៍នេះ កើតឡើងនៅម៉ោង ៩យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់ជួលតាមបណ្ដោយផ្លូវ ១៩១៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសមត្ថកិច្ច ឲ្យដឹងថា បុរសជាឪពុកមានឈ្មោះ ជា សុខជុំ អាយុ ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី។ទី២.កូនស្រីឈ្មោះ ជុំ ម៉េងជូ អាយុ ១៦ឆ្នាំ ទី៣.ឈ្មោះ ជុំ ម៉េងចិន អាយុ ៥ឆ្នាំ និងទី៤.ឈ្មោះ ជុំ ម៉េងជៀន អាយុ ៤ឆ្នាំ។ ក្រុមគ្រួសារនេះ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ឪពុកមានស្រុកកំណើតភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប្រពន្ធមានឈ្មោះ ឌីម សុនាត អាយុ ៣៨ឆ្នាំមុខរបរធ្វើការរោងចក្រ លីអូរ នៅទួលសង្កែ។
មុនកើតហេតុគេឃើញឪពុកបានបើកម៉ូតូកង់បីមកឈប់នៅមុខបន្ទប់ជួល រួចក៏បានដើរចូលក្នុងបន្ទប់នឹងបានបិទទ្វារដោយគ្មានអ្នកណាចាប់អារម្មណ៍ថា នឹងមានរឿងឃោឃៅដ៏រន្ធត់បែបនេះកើតឡើងនៅខាងក្នុងនោះទេ។
បើតាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធឈ្មោះ ឌីម សុខនាត បានប្រាប់ឲ្យដឹងថា កន្លងមករូបគាត់ និងប្ដីតែងតែមានទំនាស់គ្នានៅក្នុងគ្រួសារ ពេលដែលមានទំនាស់គ្នាម្ដងៗ ប្ដីគាត់តែងតែគំរាមមកលើរូបគាត់ និងប្រាប់ថាថ្ងៃណាមួយអញនឹងសម្លាប់កូនឱ្យអស់។ គាត់មិននឹកស្មានថា ជាការពិតនោះទេ លុះដល់ម៉ោងកើតហេតុរូបគាត់បានចេញពីធ្វើការរោងចក្រ ក៏រុញទ្វារបន្ទប់ ចូលមើលឃើញកូននិងប្ដីគាត់ស្លាប់នៅក្នុងបន្ទប់រណូករណែល។ កូនត្រូវប្ដីច្របាច់ក ស្លាប់ទាំងបីនាក់។ រីឯប្ដីគាត់បានចកកសម្លាប់ខ្លួនតាមក្រោយ ។
នៅកន្លែងកើតហេតុ គេឃើញវត្តមាន លោកអភិបាលខណ្ឌសែនសុខ និងលោកអធិការខណ្ឌ រួមទាំងមន្ត្រីអាវុធហត្ថខណ្ឌនិងផ្នែកជំនាញ ចុះមកពិនិត្យកន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យចប់សព្វគ្រប់ ដោយសន្និដ្ឋានថា ការស្លាប់របស់កូនៗ ដោយសារឪពុកច្របាច់ ក សម្លាប់ រួចឳពុកយកក្រមាចងភ្ជាប់នឹងធ្នឹមផ្ទះ ចងកសម្លាប់ខ្លួនឯងតាមក្រោយ ពិតប្រាកដមែន។ ប៉ុន្តែមូលហេតុនៃឃាតកម្មដ៏អាថ៌កំបាំងនេះ មិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ ដែលគេគិតថារឿងរ៉ាវនេះ មានតែស្ត្រីជាប្រពន្ធប៉ុណ្ណោះទើបងាចដឹងច្បាស់។ សាកសពអ្នកទាំង៤ ត្រូវបានយកទៅ ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕