ខេត្តព្រះសីហនុ ៖ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យ ឯកឧត្តម ឯកឧត្តម អើម៉ីនី ហ្គីដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រ ខាងកើត ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម អើម៉ីនី ហ្គីដូ គូប៉ា ឡូប៉េស បានគោរពសម្ដែងនូវការអបអរសាទរចំពោះ រដ្ឋបាលខេត្តព្រះសីហនុ ដែលបានចាត់វិធានការល្អប្រសើរក្នុងការទប់ស្កាត់ជំងឺ covid 19 បានយ៉ាងល្អប្រសើរសម្រាប់ ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ។ លោកក៏បានកោតសរសើរចំពោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ដែលបានដឹកនាំ និងអភិវឌ្ឍន៍ ខេត្ត ទេសចរណ៍ ជាប់ឆ្នេរសមុទ្រ មួយនេះ ក្នុងភាពឈ្លាសវៃ ដែលនាំដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោកក៏បានស្នើសុំដើម្បីធ្វើយ៉ាងណាបើកដំណើរការឡើងវិញ រវាងប្រទេសទាំងពីរ ដូចជាការធ្វើដំណើរទៅវិញទៅមក ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យធុរកិច្ចផងដែរ។
ជាការឆ្លើយតប ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសំដែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកឧត្តម អើម៉ីនី ហ្គីដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យ ទី ម័រ ខាងកើត ប្រចាំប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ អំពីការអភិវឌ្ឍន៍ ខេត្តព្រះសីហនុនិងសិក្សាស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាជននៅក្នុងខេត្តនេះ។
ជាមួយគ្នានោះផងដែរ ឯកឧត្តម គួច ចំរើន ក៏បានគាំទ្រនូវ ដំណើរការនូវទំនាក់ទំនង រវាងប្រទេសទីម័រ និង ប្រទេសកម្ពុជា ក៏ដូចជាជំរុញនូវវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗធ្វើអោយទំនាក់ទំនង និងការផ្ដល់ការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរដែលអាចនាំមកទំនាក់ទំនងកាន់តែខ្លាំងបន្ថែមទៀត និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាបន្តទៀត។
ជាទីបញ្ចប់ ឯកឧត្តម គួច ចំរើន ក៏បានថ្លែងអំណរ គុណ នូវ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អើម៉ីនី ហ្គីដូ គូប៉ា ឡូប៉េស ក្នុងកិច្ចការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ នៃ ប្រទេសកម្ពុជាយើងផងដែរ៕ ដោយ ៖ មនោរាហ៍