ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៥ស្នើឲ្យមានការហោះហើរជាបណ្តើរៗឡើងវិញក្នុងប្រទេសអាស៊ាន

កាលពីថ្ងៃទី២៥ ខែសីហា អាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា បានបើកកិច្ចពិភាក្សាជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៥ ជុំវិញការស្នើឲ្យមានការហោះហើរបណ្តើរៗឡើងវិញនៅក្នុងបណ្តាប្រទេសសមាជីកអាស៊ាន តាមដែលអាចធ្វើទៅបាន ក្នុងស្ថានភាពកូវីដ-១៩ បានធូរស្រាល។

ក្នុងជំនួបកិច្ចប្រជុំតំណាងក្រុមហ៊ុនអាកាសចរក្នុងស្រុកចំនួន ៥ ជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានពីភាក្សាលើបញ្ហាប្រឈមនានា ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្នើសុំលោករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឲ្យមានការហោះហើរជាបណ្តើរៗតាមដែលអាចធ្វើបានក្នុងបណ្តាប្រទេសអាស៊ាន។

គួរបញ្ជាក់ថា ជើងហោះហើររបស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក បាននឹងកំពុងប្រឈមដោយសារការភ័យខ្លាចពីការឆ្លងនូវជំងឺកូវីដ១៩ ខណៈវិស័យមួយនេះ ខាតបង់ថវិការាប់ពាន់លានដុល្លារអាមេរិក។

រាជរដ្ឋាភិបាលកម្ពុជា កាលពីកន្លងមកនេះ បានសម្រេចមិនយកពន្ធលើវិស័យអាកាសចរណ៍ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យវិស័យមួយនេះ មានលទ្ធភាពក្នុងការចំណាយ និងមិនឲ្យក្រុមហ៊ុនទាំងនោះក្ស័យធន ដូចបណ្តាប្រទេសមួយចំនួន។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៧ រួមមាន៖ ១. Cambodia Angkor Air, ២. Sky Angkor Airlines, ៣. Bassaka Air, ៤. JC (Cambodia) International Airlines, ៥. Lanmei Airlines, ៦. Cambodia Airways, ៧. Prince International Airlines។ បន្ថែមពីនេះ កម្ពុជាក៏មានក្រុមហ៊ុន Helicopter ចំនួន២ទៀត គឺ Helicopter Cambodia និង Helistar Cambodia ។
តាមទិន្នន័យរបស់អាកាសចរណ៍ស៊ីវិល បង្ហាញថា ដំណើរការជើងហោះហើរនៅកម្ពុជា ពេលបច្ចុប្បន្ននេះ មានពី ៧ ទៅ ១០ជើងក្នុងមួយថ្ងៃ ហើយរំពឹងថា នឹងមានការភ្ជាប់ជើងហោះហើរកាន់តែច្រើននាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីករណីកូវីដ១៩ បានធូរស្រាលឡើងវិញ៕