ទីតាំងខារ៉ាអូខេ ដ៏ធំមួយកន្លែងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានបង្ក្រាប ដោយសារបានលួចបើកល្មើសបម្រាម និងចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៩៣នាក់ និងរកឃើញថ្នាំញៀនមួយចំនួនធំ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោងជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២០៦ កែងនឹងផ្លូវ២០៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ការបង្ក្រាបនោះកម្លាំងសមត្ថកិច្ច រកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រី ៩៣នាក់ ក្នុងនោះមានស្រីវ័យក្មេងៗចំនួន ៤០នាក់ រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលរាជធានីភ្នំពេញ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និងមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ទាំងវត្ថុតាង ទាំងមនុស្ស ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
គួររំលឹកថា រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានធ្វើការណែនាំ និងហាមឃាត់មិនទាន់ឲ្យមានបើកដំណើរការសេវាកម្មខារ៉ាអូខេ រាំច្រៀង ប្រគំតន្ត្រី ក្លឹបបកំសាន្តរាត្រីមួយចំនួន នៅឡើយទេ ដើម្បីការពារការរីករាលដាលជំងឺកូវីដ19 ប៉ុន្តែទីតាំងខាងលើនេះ ត្រូវបានបង្ក្រាបដោយសារល្មើសនឹងវិធានការនេះ៕