មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងខេត្តកំពង់ស្ពឺចំនួន ៧ នាក់ក្នុងនោះមានលោក កង ភារី ដែលជាអធិការរងទទួលផែនការងារសន្តិសុខម្នាក់ផងដែរ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ក្រោយពេលធ្វើការសាកសួរចប់សព្វគ្រប់ ពាក់ព័ន្ធនឹងករណីបាញ់បោះសេរី។
ការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននេះត្រូវបានរៀបចំធ្វើឡើងកាលពីព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះនៅសាលាដំបូងតុខេត្តកំពង់ស្ពឺ។ លោកស្រី ទិត្យ ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីនគរបាលទាំង៧នាក់នេះ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំការជំនុំជំរះនៅពេលក្រោយ។
គួបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ កម្លាំងស្នងការខេត្តកំពង់ស្ពឺបានបញ្ជូនមន្ត្រីនគរបាលទាំង៧នាក់ ទៅតុលាការបន្ទាប់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ ចាប់បញ្ជូនខ្លួនមន្ត្រីនគរបាលទាំង៧នាក់នេះ ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរីបែបអនាធិបតេយ្យ។
មន្ត្រីនគរបាលទាំង ៧នាក់ ដែលផឹកស្រវឹងនាំគ្នាបាញ់បោះសេរីមានដូចជា
១. លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បាញ់បោះសេរីចំនួន ៣គ្រាប់ កាលពីថ្ងៃទី១៨ ទី១៩ ខែសីហា ឆ្នាំ២០២០ នៅក្នុងបរិវេនសាលាស្រុកសំរោងទង។ ២. លោកអនុសេនីយ៍ឯក ដន សុខុម នាយរងផ្នែកសន្តិសុខ បាញ់ចំនួន ២គ្រាប់។ ៣. លោកអនុសេនីយ៍ត្រី ព្រីង ឡង់ឌី នាយរងប៉ុស្តិ៍វល្លិសរ បាញ់ចំនួន ២គ្រាប់។ ៤. លោកអនុសេនីយ៍ត្រី កាន់ សៅលី នាយរងផ្នែកគ្រឿងញៀន បាញ់ចំនួន ២គ្រាប់។ ៥. លោកអនុសេនីយ៍ត្រី ម៉ាន់ ប៊ុណ្ណារ៉ា នាយរងផ្នែកគ្រឿងញៀន បាញ់ចំនួន ២គ្រាប់។ ៦. លោកព្រិន្ទបាលទោ នី សុភាក់ មន្ត្រីប៉ុស្តិ៍ទំព័រមាស បាញ់ចំនួន ២គ្រាប់។ ៧. លោក ម៉ាន់ ប៊ុណ្ណារែក ។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោក កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើសកម្មភាពបាញ់បោះសេរីចំនួន ៣គ្រាប់ នៅចំណុចបរិវេនសាលាស្រុកសំរោងទង និងនៅថ្ងៃទី១៩ ខែសីហា បាននាំកូនចៅឈរបាញ់ដោយសេរីជាច្រើនគ្រាប់ទៀត ប៉ុន្តែនៅកន្លែងកើតហេតុ រកឃើញសំបកគ្រាប់ចំនួន១១គ្រាប់។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ កង ភារី ត្រូវបានកម្លាំងការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺហៅមកសាកសួរ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ប្រាប់កាលពីល្ងាចថ្ងៃទី២១ ខែសីហា ថា លោក កង ភារី គឺរំលោភបទបញ្ជា នៅថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរ បទបញ្ជានគរបាលត្រូវប្រចាំការការពារជូនប្រជាពលរដ្ឋ បែរជាទៅផឹកស្រាស្រវឹងនិងបាញ់បោះសេរីខុសច្បាប់។ លោកបានបញ្ជាទៅស្នងការនគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនអធិការរងនគរបាលស្រុកសំរោងទងទៅតុលាការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ដើម្បីចាត់ការតាមផ្លូវច្បាប់៕