ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៩ រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ មានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តី សម្រេច សមាសភាព ក្រុមការងារ ឆ្លើយតបពហុវិស័យចំពោះ អំពើហិង្សាទាក់ទង នឹង យេនឌ័រនិង ធ្វើបច្ចុប្បន្ន ភាពផែនទីសេវា ជួយដល់ជនរងគ្រោះដោយ អំពើហិង្សា ទាក់ទង នឹង យេនឌ័រថ្នាក់ខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោក ជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ លោកស្រី សៅកាន ប្រធានមន្ទីរកិច្ចការនារី ខេត្តព្រះសីហនុ រួមនឹងមន្ត្រី ពាក់ព័ន្ធនានា នៅក្នុង ខេត្តទាំងអស់ផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ លោក ស្រី សៅ កានប្រធានមន្ទីរទីកិច្ចការនារីខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ ការបង្កើតក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រដែលគេហៅកាត់ថាក្រុមការងារឆ្លើយតប (GBV) បង្កើតឡើងដើម្បីពង្រឹងការផ្ដល់សេវាពហុវិស័យឆ្លើយតបចំពោះអំពើហិង្សាទៅលើស្ត្រីនិងកុមារ ប្រកបដោយគុណភាពប្រសិទ្ធភាពនិងបរិយាប័ន្ន តាមរយៈកិច្ចសហប្រតិបត្តិការរវាងអ្នកផ្ដល់សេវានិង អ្នកពាក់ព័ន្ធ ក្រុមការងារ នេះ នឹង ជួយដល់អ្នកពាក់ព័ន្ធក្នុង ការចែក រំលែក រាយការណ៍ស្វែងរកផ្ដល់ការ គាំទ្រចូល រួមដោះស្រាយ និង តាមដានបញ្ហា (GBV)ដើម្បីជួយជនរងគ្រោះនៃ អំពើហិង្សាតាមដាន និង គ្រប់គ្រងទិន្នន័យ (GBV) តាមដាន់ទៅលើវឌ្ឍនភាពនៃការអនុវត្តផែនការ សកម្មភាពជាតិ ស្តីពីការទប់ស្កាត់ អំពើហិង្សា ទៅលើ ស្ត្រីនិងក្មេងស្រីរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដូចគ្នានេះដែរ លោកស្រី ហៀក ហុីមុល្លីអភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា៖ រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រនេះ ក្នុងគោលបំណង បង្ហាញសេចក**ីសម្រេចស្ដីពីសមាសភាពក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រពិភាក្សាអំពីផែនទីសេវាជួយដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រពិភាក្សា និង កំណត់អំពីអត្តសញ្ញាណជនបែកដល់ដែលប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះទាំងស្ត្រីកុមារជនពិការដែលជនសង្ស័យបានធ្វើអំពើទារុណកម្មណាមួយមកលើជនរងគ្រោះទាំងនោះ។
លោកស្រី បន្តថា៖ ប្រសិន បើមាន រឿងនេះកើតឡើង តើជនរងគ្រោះត្រូវរាយការណ៍និងផ្ដល់ព័ត៌មាន ទៅដល់ស្ថាប័នណាទីណាកន្លែងណាដើម្បីឱ្យគេចុះមកជួយបានទាន់ពេលវេលា។
លោកស្រី ហៀក ហុីមុល្លី បានបន្តទៀតថា៖តាមរយៈបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តី សម្រេច ស្តីពីការបង្កើនក្រុមការងារ យេនឌ័រ តបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រនេះអស់លោកលោកស្រីនិងយកសេចក្តី សម្រេច នេះទៅផ្សព្វ ផ្សាយ នៅ តាមមូលដ្ឋាន នានា នៅក្នុង ខេត្តដើម្បី ឲ្យប្រជាពលរដ្ឋទាំងអស់ បានយល់ដឹងកាន់តែច្បាស់ថែមទៀតផងដែរ៕ ដោយ មនោរាហ៍