កម្ពុជាសម្រេចផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីនមួយរយៈ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសមួយ សម្រេចផ្អាកជើងយន្តហោះពីប្រទេស ហ្វីលីពីន ដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ។ ការប្រកាសផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រម ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីមានករណីនាំចូលកូវីដ១៩ ជាបន្តបន្ទាប់តាមរយៈជើងយន្តហោះមកកាន់ប្រទេសកម្ពុជា។

សេចក្តីប្រកាសក្រសួងសុខាភិបាល បានឱ្យដឹងថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលចូលជាធរមានកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ បានរួមចំណែកដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ឃើញថា អត្រាឆ្លងបានហក់ឡើងយ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឱ្យអត្រាអ្នកផ្ទុកវីរុសកូវីដ១៩ ខ្ពស់ជាងគេបំផុត នៅក្នុងបណ្តាប្រទេសមាជិកអាស៊ាន៕