តុលាការសម្រេចចោទប្រកាន់អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ជាផ្លូវការ

ភ្នំពេញ ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ តំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុន្នីរ័ត្ន បានសម្រេចចោទប្រកាន់លោកឧកញ៉ា សង ថន ពីបទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា និងគេងបំបាត់ដោយទុច្ចរិត ចំណែកលោកអភិបាលរងខេត្តបាត់ដំបងឈ្មោះ ស៊ូ អារ៉ាហ្វាត់ ត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងមួយទៀត គឺបទស៊ីសំណូក។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា សំណុំរឿងនេះត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរតាមនីតិវិធី។

សូមជម្រាបថា អភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ និងឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីឱ្យតំណាងអយ្យការបន្តបើកការសាកសួរ អំពីករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា វិវាទដីធ្លីនៅស្រុកគាស់ក្រឡរវាងឧកញ៉ា សង ថន និងប្រជាពលរដ្ឋបានក្លាយជាព្រឹត្តិការណ៍កក្រើក និងចាប់អារម្មណ៍ខ្លាំងក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ។ វិវាទដីធ្លីនេះ នាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាលស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។

ជាមួយគ្នានេះ លោកឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបង គឺលោក ស៊ូ រ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ហៅមកសួរនាំផងដែរ កាលពីព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកឧកញ៉ា សង ថន ដែលត្រូវបាន ACU នាំខ្លួនទៅសាកសួរក្នុងសំណុំរឿងមួយនេះផងដែរ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ និងក៏ដកតួនាទីអភិបាលស្រុកកោះក្រឡពីតួនាទីផងដែរ។

ចំពោះការនាំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ដោយACUនេះ ដោយសារលោកធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ នេះតែម្តង។ ចំណែកលោកឧកញ៉ា សង ថន គឺជាបុគ្គលតែម្នាក់ដែលមានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។ រីឯលោក ម៉ៅ សុចាន់ អភិបាល ស្រុកគាស់ក្រឡ ក៏ត្រូវបានដកតួនាទីឱ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ៕