កូរ៉េខាងជើង ៖ ខ្លួន​គ្មានចេតនា​អង្គុយ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ទៀតឡើយ

កូរ៉េខាងជើង៖ អ្នកការទូតជាន់ខ្ពស់ម្នាក់បាននិយាយថា កូរ៉េខាងជើងបានប្រកាសនៅថ្ងៃអង្គារនេះថាខ្លួនគ្មានចេតនាអង្គុយចរចាជាមួយសហរដ្ឋអាមេរិកឡើយ ហើយបានទទូចឲ្យកូរ៉េខាងត្បូងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសដទៃ។

លោក គ្វុន ជុងហ្គាន់ (Kwon Jong Gun) អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិកនៅឯក្រសួងការបរទេសកូរ៉េខាងជេីងបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជេីងដោយបានរិះគន់កូរ៉េខាងត្បូងចំពោះការនិយាយតាមតែចិត្តខ្លួនឯងអំពីពាក្យចចាមអារ៉ាមមិនពិតដែលថា «នឹងមានជំនួបកំពូលមួយទៀតរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ»។

លោក ត្រាំ និងលោក គីម បានជួបគ្នាជាលើកដំបូងនៅក្នុងឆ្នាំ២០១៨នៅប្រទេសសិង្ហបុរីដែលជំនួបនោះបានបង្កើនក្តីសង្ឃឹមសម្រាប់ការចរចាបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ ប៉ុន្តែកិច្ចប្រជុំកំពូលលើកទី២របស់មេដឹកនាំទាំងពីរក្នុងឆ្នាំ២០១៩ និងកិច្ចប្រជុំកម្រិតការងារនៅប្រទេសវៀតណាមបានទទួលបរាជ័យ។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ស្តេវិន ប៊ីហ្គាន់ (Stephen Biegun) ដែលបានដឹកនាំកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងជេីងគ្រោងនឹងទៅដល់ក្រុងសេអ៊ូលនៅល្ងាចថ្ងៃអង្គារនេះដើម្បីពិភាក្សាជាមួយក្រុមមន្រ្តីទីក្រុងសេអ៊ូលជុំវិញការរិះរកមធ្យោបាយដើម្បីស្រោចស្រង់ការចរចាឡើងវិញ។

កាលពីខែមុនប្រទេសកូរ៉េខាងជើងបានបង្កើនភាពតានតឹងភ្លាមៗជាមួយប្រទេសកូរ៉េខាងត្បួង និងបានបំផ្ទុះបំផ្លាញចោលការិយាល័យទំនាក់ទំនងរួមជាមួយកូរ៉េខាងត្បូងនៅតំបន់ព្រំដែន ហេីយក្រោយមកក៏បានផ្អាកយ៉ាងតក់ក្រហល់នូវផែនការប្រេីចំណាត់ការយោធាប្រឆាំងកូរ៉េខាងត្បូង៕