ពលរដ្ឋក្រីក្រជាង ២ម៉ឺនគ្រួសារបន្ថែមទៀត នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅជុំទី២

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋានទទួលបន្ទុក ព្រមទាំងមន្ទីរផែនការរាជធានីខេត្ត ក្រុង ទូទាំងប្រទេស តាមរយៈប្រព័ន្ធ Video Zoom។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែង តាមដែលទទួលបានទិន្នន័យគ្រួសារក្រីក្រ ដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដំណើរការឧបត្ថម្ភសាច់ប្រាក់ ដែលមកទល់ថ្ងៃនេះ គ្រួសារទាំងជាង ៥៦០,០០០គ្រួសារ (ជុំទី១) ស្ទើរតែទទួលបានថវិកាដំណាក់កាលទី១ ទាំងអស់គ្នាហើយ។ គ្រួសារដែលទទួលបានការឧបត្ថម្ភនេះ កំពុងនៅជុំទី១ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០គ្រួសារដែលទទួលបានការឧបត្ថម្ភ នេះ កំពុងសប្បាយរីករាយ និងថ្លែងអំណរគុណចំពោរាជរដ្ឋាភិបាលដែលមានគិតគូពីសុខទុក្ខ និង ការលំបាករបស់ពួកគាត់។

ទន្ទឹមនឹងការឧបត្ថម្ភសាច់ប្រាក់ដំណាក់កាលទី១ បញ្ចប់ ការផ្តល់ក្នុងដំណាក់កាលទី២ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលនឹងត្រូវប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព ក្រោយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដែលជាការបូកបញ្ចូលគ្នានៃគ្រួសារក្រីក្រនៅជនបទ និងទីប្រជុំជន ដែលទិន្នន័យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ (បណ្តោះអាសន្ន) មានគ្រួសារក្រីក្របានកើនចំនួន២៤៩១៥ គ្រួសារ ហើយទាំងអស់នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីប្រទេសជាតិ ប្រជាជន និង មុខមាត់ របស់ក្រសួងផែនការ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ទោះបីជាយើងបានព្យាយាមខិតខំសម្រចបាននូវភារកិច្ចដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រជូនរាជរដ្ឋាភិបាល ប្រទេសជាតិ និងប្រជាជនកម្ពុជា យ៉ាងនេះក៏ដោយ ក៏យើងនៅតែមានជួបនូវបញ្ហាប្រឈមជាច្រើនដូចជា ការកំណត់ពេលផ្តល់ទិន្នន័យមានរយៈពេលខ្លីបំផុត និង ទាមទារគុណភាពទិន្នន័យ ,ការប្រើប្រាស់ tablets ជាការប្រើប្រាស់លើកដំបូង នៅមានភាពរអាក់រអួល ទាំងប្រព័ន្ធ និង មន្រ្តី។ រដូវនេះ ជារដូវធ្លាក់ភ្លៀង បានប៉ះពាល់ដល់ដំណើរការប្រព័ន្ធទាក់ទង ការបញ្ជូនទិន្នន័យ ការធ្វើដំណើរ ស្ថានភាពរបស់ខេត្តមិនដូចគ្នា ខ្លះឆ្ងាយ ផ្លូវពិបាក និង ខ្លះជាតំបន់កោះ និង ជ្រលងភ្នំ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា រឿងដែលសំខាន់បំផុត និងប៉ះពាល់ដល់ការងារផ្តល់ការឧបត្ថម្ភសាច់ប្រាក់នេះគឺ ប្រតិកម្មពីប្រជាជន ដូចជាអ្នកមានជីវភាពល្អប្រសើរនៅមានប័ណ្ណ និងទទួលបានការឧបត្ថម្ភ, ប័ណ្ណខ្លះ ផុតសុពលភាព (លើសពី៣ឆ្នាំ) មានអ្នកបំផុសឱ្យទៅទទួលការឧបត្ថម្ភ, គ្រួសារក្រីក្រពិតប្រាកដមិនទទួលបានប័ណ្ណ និងការឧបត្ថម្ភ, គ្រួសារខ្លះនៅបន្តប្រើប័ណ្ណអាទិភាព Post ID របស់ក្រសួងសុខាភិបាលមកទាមទារ, គ្រួសារខ្លះជាគ្រួសារចំណាកស្រុក ឬ មិនមានសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ, ប័ណ្ណរហែក/បាត់ជាដើម។

ពួកគាត់បាននាំគ្នាផ្ទុះការតវ៉ា ដោយផ្ទាល់ ប្រយោល ជាពិសេសតាមបណ្តាញសង្គម ទោះបីមានការពន្យល់ ណែនាំ ជាពិសេសក្រសួងផែនការតាមបណ្តាញសង្គម សារព័ត៌មាន វិទ្យុ ទូរទស្សន៍ និង ចុះដោះស្រាយដល់ទីតាំងផ្ទាល់ ក៏នៅមិនទាន់មានភាពជ្រះស្រឡះ និងនៅតែបន្ត។ ជាមួយនេះដែរ មានក្រុមការងារជាតិចុះតាមឃុំ/សង្កាត់ ក៏នៅតែខិតខំជួយតាមដានការងារនេះផងដែរ។

អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង មន្ត្រីមន្ទីរផែនការរាជធានី ខេត្ត ក្រុង ត្រូវពិនិត្យ តាមដាន និង ដោះស្រាយការងារនេះឱ្យបានម៉ត់ចត់ ប្រុងប្រយ័ត្ន មិនត្រូវផ្តេកផ្តួល ជាពិសេស ការឧបត្ថម្ភសម្រាប់តែប្រជាជនក្រីក្រ និងចុះជាប់នៅឯមូលដ្ឋានជាមួយអាជ្ញាធរឃុំ សង្កាត់ ជានិច្ច ដើម្បីក្តាប់ឱ្យជាប់សភាពការណ៍ និងជួយពន្យល់ ណែនាំអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ត្រូវបំបាត់ឱ្យអស់បក្សពួក និងគ្រួសារនិយម ហើយក្រសួងផែនការកំពុងដំណើរការរៀបចំយន្តការដើម្បីដោះស្រាយ និង ផ្តល់តម្លាភាពដល់ ប្រជាជនផងដែរ ។

សម្រាប់ទិន្នន័យបឋមអំពីបញ្ហា ដែលខេត្តចំនួន១៣ បានផ្តល់មក និងបានដោះស្រាយរួចរាល់រួមមាន ប័ណ្ណអស់សុពលភាព មានចំនួន ១៨៥ករណី, អ្នកកាន់ប័ណ្ណដែលមានជីវភាពប្រសើរឡើង មានចំនួន ២,៣៤១ ករណី (នៅសល់តែ២៣០ករណីកំពុងកាន់ប័ណ្ណ), អ្នកក្រដែលមិនមានប័ណ្ណ មានចំនួន ៥៩៩ ករណី, ប័ណ្ណរហែក ឬបាត់ មានចំនួន ២,៧៥៣ករណី៕