សហរដ្ឋអាមេរិក បង្កើនការគាំទ្រអ៊ុយក្រែន ជាមួយកញ្ចប់ជំនួយយោធា ៧២៥លានដុល្លារ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសកាលពីថ្ងៃចន្ទ ទី២ ខែធ្នូ ថាសហរដ្ឋអាមេរិកនឹងបញ្ជូនមីស៊ីល គ្រាប់រំសេវ គ្រាប់មីនប្រឆាំងមនុស្ស និងអាវុធមួយចំនួនទៀត គិតជាទឹកប្រាក់ ៧២៥លានដុល្លារ ទៅឱ្យអ៊ុយក្រែន ខណៈរដ្ឋបាលរបស់ប្រធានាធិបតីចាំផ្ទះលោក ចូ​ បៃដិន កំពុងព្យាយាមបង្កើនការគាំទ្រ នៅមុនបញ្ចប់អាណត្តិនៅខែមករាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Blinken បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាជំនួយយោធាខាងលើក្នុងនោះរួមមានមីស៊ីលពាក់លើស្មា Stinger គ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ដ្រូន និងគ្រាប់មីនជាដើម។ សេចក្ដីថ្លែងការណ៍នេះដដែល បានបញ្ជាក់បន្ថែមទៀតថា «សហរដ្ឋអាមេរិក និងប្រទេសច្រើនជាង ៥០ផ្សេងទៀត បាន និងកំពុងសាមគី្គគ្នា ដើម្បីធានាឱ្យបានថាអ៊ុយក្រែនមានសមត្ថភាពតាមតម្រូវការចាំបាច់ ក្នុងការការពារខ្លួនឯងប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី»

គួរបញ្ជាក់ថា ជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ខណៈមានការរំពឹងថាប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងកែប្រែយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ស្ដីពីអ៊ុយក្រែន ជាពិសេសបន្ទាប់ពីលោកបានតែងតែឧត្តមសេនីយ៍ចូលនិវត្តន៍លោក Keith Kellogg ដែលជាមនុស្សម្នាក់មានបំណងបញ្ចប់សង្រ្គាម ជាបេសកជនពិសេសសម្រាប់រុស្ស៉ី និងអ៊ុយក្រែន៕