គណៈប្រតិភូកម្ពុជា ចូលរួមសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញា ឆ្នាំ២០០៣ របស់អង្គការយូណេស្កូ

(សង់ស្យុង)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសម័យប្រជុំលើកទី១៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

កិច្ចប្រជុំបានបើកជាផ្លូវការក្រោមអធិបតីភាពលោក Santiago Peña Palacios ប្រធានាធិបតីនៃសាធារណរដ្ឋប៉ារ៉ាហ្គាយ លោកស្រី Adriana Ortiz Semidei រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងលោកស្រី Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រីប្រធានគណៈប្រតិភូក៏បានធ្វើបទអន្តរាគមន៍ក្នុងនាមរដ្ឋភាគីជាសមាជិកដោយវាយតម្លៃខ្ពស់ចំពោះ លេខាធិការដ្ឋាននៃអនុសញ្ញាឆ្នាំ២០០៣ និងរដ្ឋភាគីទាំងអស់ដែលបានខិតខំប្រឹងប្រែងថែរក្សាបេតិកភណ្ឌអរូបីតាមបណ្តាលប្រទេសនីមួយៗ និងជាពិសេសគឺបានបញ្ជ្រាបការអប់រំអំពីបេតិកភណ្ឌវប្បធម៌អរូបីទាំងក្នុងនិងក្រៅប្រព័ន្ធសិក្សាអប់រំ៕