មុនទៅប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ រិះគន់ចិន សម្រាប់ការគាំទ្ររុស្ស៉ី

Oplus_131072

(បែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានចោទប្រកាន់ចិនថាកំពុងផ្ដល់អាវុធឱ្យរុស្ស៉ី សម្រាប់ធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែនដែលបង្កការគំរាម កំហែងដល់សន្តិភាពនៅអឺរ៉ុប និងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

លោកស្រី Annalena Baerbock ធ្វើការកត់សម្គាល់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ និងមុនពេលលោកស្រីត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងសប្ដាហ៍នេះ។ ប្រមុខការទូតអាល្លឺម៉ង់រូបនេះបានគូសបញ្ជាក់ថា «ជំនួសឱ្យការទទួលខុសត្រូវដើម្បីសន្តិភាព និងសន្តិសុខពិភពលោកក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិនកំពុងប្រឆាំងនឹងផលប្រយោជន៍ស្នូលរបស់អឺរ៉ុប តាមរយៈការផ្ដល់ជំនួយសេដ្ឋកិច្ច និងអាវុធទៅឱ្យរុស្ស៉ី»

លោកស្រី Baerbock បានបន្ថែមថា «សង្រ្គាមឈ្លានពានដ៏ឃោរឃៅរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន គឺជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាពរបស់យើង ហើយខ្ញុំក៏នឹង និយាយនៅក្នុងទីក្រុងប៉េកាំងផងដែរអំពីការពិតដែលយើងមិនអាចមិនអើពើពីបញ្ហានេះបានឡើយ នៅក្នុងទំនាក់ទំនងរបស់យើងជាមួយចិន»។

បើតាមលោកស្រី Baerbock សង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញថាសន្តិសុខនៅអឺរ៉ុបមានជាប់ពាក់ព័ន្ធនឹងសន្តិសុខក្នុងតំបន់អាស៊ី ជាពិសេសក្រោយកូរ៉េខាងជើងត្រូវបានរាយការណ៍ថា បានបញ្ជូនទ័ព និងអាវុធ ទៅជួយគាំទ្ររុស្ស៉ី។

គួរបញ្ជាក់ថា លោកស្រី Annalena Baerbock នឹងត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅក្នុងសប្ដាហ៍នេះ ជាទីដែលលោកស្រីនឹងជួបជាមួយសមភាគីចិនរបស់លោកស្រី គឺលោក វ៉ាង យី ដើម្បីពិភាក្សាពីបញ្ហាជាច្រើន ក្នុងនោះរួមមានសង្រ្គាមនៅអ៊ុយក្រែន៕