លោក ហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងលោក ម៉ាង ស៉ីណេត ជាប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ម៉ាង ស៉ីណេត ជាប្រធានគណៈចលនាមហាជនខេត្ត និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជនខេត្ត សរុបប្រមាណ ២០០នាក់។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ស្វាគមន៍របស់លោកប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត ក៏ដូចជាការប្ដេជ្ញាចិត្តរបស់លោក ម៉ាង ស៊ីណេត ប្រធានគណៈចលនាមហាជនខេត្ត លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់គណៈកម្មាធិការបក្ស និងគណៈចលនាមហាជនខេត្ត ដែលបានខិតខំប្រឹងប្រែង និងបន្តអនុវត្តកិច្ចការងារតាមទំនួលខុសត្រូវ ព្រមទាំងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងខេត្តព្រះសីហនុ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោុំបានលើកឡើងថា ភាពជោគជ័យនៃលទ្ធផល បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅ គឺកើតចេញពីការផ្ដល់ជំនឿទុកចិត្តពីប្រជាជន មកលើគណបក្ស និងការខិតខំប្រឹងប្រឹងរបស់សមាជិក សមាជិកាម្នាក់ៗ ជាពិសេសបានធ្វើឲ្យខេត្តព្រះសីហនុ ទទួលបានលទ្ធផលឈ្នះរហូតដល់ ៨៦,១៤%។ លោកបានបន្តថា ការបន្តផ្ដល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋ បានបង្ហាញថា ប្រជាពលរដ្ឋគឺមានការផ្សាភ្ជាប់ជោគវាសនារបស់គ្រួសារគាត់ជាមួយគណបក្យប្រជាជនកម្ពុជា។

ចុងបញ្ចប់នៃកម្មវិធី លោក ហ៊ុន ម៉ានី បាននាំយកនូវការសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានបក្ស និងថ្នាក់ដឹកនាំនៃគណបក្សទាំងអស ក៏ដូចជាអំពាវនាវដល់សមាជិក សមាជិកា ឲ្យបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្សដ៏រឹងមាំមួយ និងជាមូលដ្ឋាន ក្នុងការសម្រេចសមិទ្ធផលជាបន្តបន្ទាប់របស់គណបក្ស៕