Kyodo ថាជប៉ុន និងសហរដ្ឋអាមេរិក មានផែនការដាក់ពង្រាយមីស៊ីល ត្រៀមបង្ការសម្រាប់ស្ថានការណ៍អាសន្ននៅតៃវ៉ាន់

(តូក្យូ)៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា បានរាយការណ៍ថាជប៉ុន និងសហរដ្ឋអាមេរិកមានបំណងបង្កើតផែនការយោធារួមគ្នាមួយ ដើម្បីត្រៀមបង្ការ សម្រាប់ស្ថានការណ៍អាសន្នណាមួយនៅតៃវ៉ាន់ ក្នុងនោះរួមមានទាំងការដាក់ពង្រាយមីស៊ីលផងដែរ។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក និងជប៉ុន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Kyodo បានឱ្យដឹងទៀតថានៅក្រោមផែនការខាងលើដែលត្រូវបានរំពឹងថាអាចនឹង ត្រូវអនុវត្តតាមនៅខែក្រោយនេះ សហរដ្ឋអាមេរិកនឹងដាក់ពង្រាយអង្គភាពមីស៊ីលទៅកាន់កោះ Nansei នៃខេត្ត Kagoshima ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន និងខេត្ត Okinawa ព្រមទាំងហ្វីលីពីន។ បើតាម Kyodo អង្គភាពម៉ារីនអាមេរិក Marine Littoral Regiment ដែលមានបំពាក់ដោយប្រព័ន្ធមីស៊ីល HIMARS និងអាវុធដទៃទៀត នឹងត្រូវបានដាក់ពង្រាយទៅ កាន់កោះ Nansei ខណៈអង្គភាពយោធាអាមេរិកមួយផ្សេងទៀតដែលមានជំនាញខាងអវកាស cyberspace និងរលកអេឡិចត្រូម៉ាញ៉េទិច នឹងត្រូវដាក់ឱ្យឈរជើងនៅហ្វីលីពីន។

តែភ្លាមៗ ខាងក្រសួងការពារជាតិជប៉ុន និងស្ថានទូតអាមេរិក រួមទាំងហ្វីលីពីននៅក្នុងប្រទេសជប៉ុន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ៕