កម្ពុជារកចំណូលបានជាង ៤៧៦លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង ២៥% នៅ១០ខែឆ្នាំនេះ

Oplus_131072

(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៤៧៦លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

Oplus_131072

អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែតុលា ឆ្នាំ២០២៤ (រយៈពេល១០ខែ) មានចំនួន៤៧២ ០៣៣ ៨៣២ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៤ ១៥៤ ៩៣២ដុល្លារ។

គិតត្រឹមខែតុលា ឆ្នាំ២០២៤ (រយៈពេល១០ខែ) ជ័រកៅស៊ូមានតម្លៃ ១,៦២១ដុល្លារក្នុង១តោន កើនឡើងចំនួន២៦៤ដុល្លារ ក្នុង១តោន ស្មើនឹង១៩.៤៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែតុលា ឆ្នាំ២០២៤ មានតម្លៃ ២២៩ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។

បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការរួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។

ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕