ក្រសួងបរិស្ថានកម្ពុជា និងអង្គការ FAO ប្តេជ្ញាចិត្តរួមគ្នាកៀរគរធនធានសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

(បាគូ-អាសែបៃហ្សង់)៖ បន្ទាប់ពីឡើងថ្លែងការណ៍ក្នុងសន្និសីទលើកទី២៩ នៃបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP29) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនបានបន្តជួបជាមួយលោក Kaveh Zahedi ប្រធានការិយាល័យការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបរិស្ថាន (OCB) អង្គការ FAO។

លោករដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តការជាមួយគ្នាកន្លងមក ដោយអង្គការ FAO ជាដៃគូរដ៏ល្អរបស់កម្ពុជាក្នុងការអនុវត្តការងារប្រែប្រួលអាកាសធាតុ ការស្ដារព្រៃឈើឡើងវិញ និងកសិកម្ម និងស្បៀងអាហារ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញថា កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអទិភាព និងត្រៀមខ្លួនដើម្បីការធ្វើពានិជ្ជកម្មឥណទានកាបូន ដោយកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវវិធានប្រតិបត្តនៃមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។

លោក Kaveh Zahedi បានសាទរជូនចំពោះលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដឹកនាំគណៈប្រតិភូមកចូលរួម COP29 អង្គការ FAO រីករាយកក្នុងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកប្រភពធនធានសម្រាប់ជួយដោះស្រាយការប្រែប្រួលអាកាសធាតុនៅកម្រិតសហគមន៍ និងគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ៕