លោក ហ៊ុន ម៉ាណែត ៖ ការទិញ​រថយន្តយោធាពីចិនទាំង២៩០គ្រឿងនេះ មិនបានប្រើប្រាស់ថវិការដ្ឋ​នោះទេ!

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា រថយន្តយោធា ដែលត្រូវបានបញ្ជាទិញពីប្រទេស ចិនទាំង ២៩០ គ្រឿង មិនបានប្រើប្រាស់ថវិកាជាតិសូម្បីតែ១រៀល ហើយក៏មិនមែនជាជំនួយរបស់ភាគីចិនទេ។

ការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បែបនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីចែកជូនរថយន្តយោធាទាំងនេះ ដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «អត់បានប្រើប្រាស់ថវិការដ្ឋ ១រៀលទេ! គឺកើតចេញពីការកៀរគរក្រុមហ៊ុន និងសប្បុរសជនទាំងអស់។ ហើយសូមបញ្ជាក់ រឿងសម្តេចតេជោអំពាវនាវឲ្យជួយកងទ័ព មិនមែនគាត់ទើបតែធ្វើទេ គឺគាត់ធ្វើរាប់ឆ្នាំមកហើយ»។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដែរថា ការទិញរថយន្តយោធាទាំងនេះទៀតសោត គឺដើម្បីដឹកជញ្ជូនកងកម្លាំងយោធា និងកងកម្លាំងសមត្ថកិច្ច ដើម្បីជួយបម្រើប្រជាពលរដ្ឋ ពេលមានបញ្ហាអ្វីមួយកើតឡើង។ លោករំលឹកថា រថយន្តយោធា ក៏ធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនពលរដ្ឋតាមព្រំដែនពីប្រទេសនានា និងពេលកម្ពុជាមានជម្លោះជាមួយថៃ៕