ភ្នំពេញ ៖ ក្នុងពេលកម្ពុជា កំពុងប្រឈមនឹងការបាត់បង់អ្នកបញ្ជាទិញនៅឯក្រៅប្រទេស ដោយសារតែការរាតត្បាតដោយសារជំងឺកូវីដ១៩ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើអោយក្រុមហ៊ុនបញ្ជាទិញធំៗនៅបរទេសចំនួនពីរ គឺ H&M (អេច អ៊ែន អឹម )និងក្រុមហ៊ុនAdidas បន្តទិញទំនិញជាពិសេសផលិតផលកាត់ដេរពីកម្ពុជា ដើម្បីអោយខ្សែច្រវ៉ាក់ផលិតកកម្មកាត់នៅកម្ពុជានៅតែបន្តដំណើរការនិងផ្ដល់ការងារដល់ពលរដ្ឋក្នុងស្រុកផងដែរ ។
ការស្នើនេះ ធ្វើឡើងក្នុងពេលរដ្ឋមន្ត្រីក្រពាណិជ្ជកម្មកម្ពុជា បានទទួលជួបជាមួយ តំណាងក្រុមហ៊ុន H&M និងក្រុមហ៊ុន Adidas កាលពីពេលថ្មីៗនេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ។
លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនតំណាងក្រុមហ៊ុនទាំងពីរ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដោយនាពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងតែធ្វើការចរចា និងសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួន ។
លោក ក៏បានស្នើសុំឲ្យក្រុមហ៊ុនបន្តធ្វើការបញ្ជាទិញពីកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ ។
កាលពីពេលកន្លងទៅថ្មីៗនេះដែរ សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជា ក៏បានដាក់លិខិតស្នើទៅសហភាពអឺរ៉ុប ដើម្បីពន្យារពេលដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធីEBA ពីកម្ពុជា ដោយសារតែពេលនេះ កម្ពុជាកំពុងជាប់ដៃ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
សមាគមរោងចក្រកាត់ដេរកម្ពុជា បានបញ្ជាក់ថា កម្ពុជាអាចនឹងបាត់បង់អ្នកបញ្ជាទិញថែមទៀតនៅក្នុងត្រី មាសទី២នៃឆ្នាំ ២០២០នេះ ដោយសារតែ ហាងធំៗនៅបណ្ដាប្រទេសអឺរ៉ុប និងនៅអាមេរិក មានវិបត្តិហិរញ្ញវត្ថុ ជាពិសេសនោះ តម្រូវការនៅក្នុងប្រទេសទាំងនោះក៏បានធ្លាក់ចុះដោយសារតែការរាលដាលនៃជំងឺកូវីដ១៩ ៕