ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់​ ត្រាំ តែងតំាងលោកស្រី Susie Wiles ជានាយខុទ្ទកាល័យសេតវិមានរបស់លោក

(Reuters)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បានប្រកាសថាប្រធានដឹកនាំក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក គឺលោកស្រី Susie Wiles នឹងក្លាយជានាយខុទ្ទកាល័យសេតវិមានរបស់លោក ហើយដែលការតែងតាំងនេះជាការបង្ហាញពីការជឿទុកចិត្តលើលោកស្រីដែលបានចូលរួមចំណែកជួយឱ្យរូបលោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈការប្រកាសរបស់លោក ត្រាំ លោកស្រី Susie នឹងក្លាយជាស្ត្រីដំបូងដែលនឹងត្រូវកាន់តំណែងជានាយខុទ្ទកាល័យសេតវិមាន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី Susie គឺជាមនុស្សម៉ឺងម៉ាត់ វៃឆ្លាត មានគំនិតច្នៃប្រឌិត ហើយទទួលបានការកោតសរសើរ និងគោរពជាសកល»។ លោក ដូណាល់ ត្រាំ កំពុងចំណាយពេលស្នាក់នៅឯភូមិគ្រឹះ Mar-a-Lago របស់លោក ក្នុងទីក្រុង Palm Beach រដ្ឋ Florida ចាប់តាំងពីបានយកឈ្នះលើលោកស្រី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ។

គួរបញ្ជាក់ថា លោកស្រី Susie Wiles មានអាយុ ៦៧ឆ្នាំ គឺជាអ្នកយុទ្ធសាស្ត្រនយោបាយជើងចាស់ម្នាក់មានមូលដ្ឋានក្នុងរដ្ឋ Florida។ លោកស្រីធ្លាប់បម្រើការឱ្យក្រុមយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី របស់លោក Ronald Reagan ក្នុងឆ្នាំ១៩៨០ និងបានជួយឱ្យអភិបាលរដ្ឋ Florida មកពីគណបក្សសាធារណរដ្ឋ លោក Ron DeSantis ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨។ លោកស្រី ក៏ធ្លាប់ធ្វើជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក ត្រាំ ផងដែរអំឡុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ និងឆ្នាំ២០២០៕