(SOCHI, រុស្ស៉ី)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បានអបអរសាទរជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ជាមួយ ការកោតសរសើរលោក ត្រាំ សម្រាប់ការបង្ហាញភាពក្លាហាន នៅពេលត្រូវបានខ្មាន់កាំភ្លើងម្នាក់ប៉ុនប៉ងធ្វើឃាត ហើយថាទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោត មកពីគណបក្សសាធារណរដ្ឋ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងការកត់សម្គាល់ជាសាធារណៈលើកដំបូង ចាប់តាំងពីជ័យជម្នះរបស់លោក ត្រាំ លោក ពូទីន បានបន្ថែមទៀតថាលោក ត្រាំ បានធ្វើសកម្មភាពដូចជាបុរសពិតម្នាក់ អំឡុងត្រូវបានគេប៉ុនប៉ងធ្វើឃាត ខណៈកំពុងថ្លែងសារទៅកាន់ក្រុមអ្នកគាំទ្រក្នុងរដ្ឋ Pennsylvania កាលពីខែកក្កដាកន្លងទៅ។ «ខ្ញុំយល់ថាលោក (លោក ត្រាំ) ជាមនុស្សក្លាហាន និងជាបុរសពិតម្នាក់… ហើយខ្ញុំសូមយកឱកាសនេះ ដើម្បីអបអរសាទររូបលោកដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោត»។ នេះជាការលើកឡើងរបស់លោក ពូទីន នៅឯវិទ្យាស្ថានស្រាវជ្រាវ Valdai Discussion Club ក្នុងទីក្រុង Sochi។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កន្លងមក បានសន្យាថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ នៅពេលលោកក្លាយជាប្រធានាធិបតីអាមេរិក។ ប៉ុន្តែលោកមិន បានបង្ហើបពីផែនការ ឬក៏ថាលោកនឹងបញ្ចប់សង្រ្គាមនេះដោយវិធីណានោះទេ៕