នាយករដ្ឋមន្ត្រីជប៉ុន មានបំណងជួបលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកានេះ

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បាន និងកំពុងព្យាយាមរៀបចំកាលវិភាគជួបជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នៅសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ធ្លាប់ជាមេដឹកនាំបរទេសដំបូងគេដែលបានជួបជាមួយលោក Trump បន្ទាប់ពីរូបលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៦ ហើយមេដឹកនាំទាំង២ បានពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធ។ Reuters ដោយផ្អែកលើប្រភពចំនួន៣ ដែលខ្លួនទទួលបាន បានឱ្យដឹងថាជប៉ុនមានគោលបំណង រៀបចំជំនួបរវាងលោក Ishiba និងលោក Trump ភ្លាមៗ នៅបន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅប្រេស៊ីលដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។ ចំណែក ប្រភពមួយទៀត បានប្រាប់ Reuters ថា ជប៉ុនមានបំណងរៀបចំដំណើរឈប់សំចតមួយរបស់លោក Ishiba នៅសហរដ្ឋអាមេរិក អំឡុងលោកនាយករដ្ឋមន្ត្រីត្រូវទៅចូលរួមកិច្ចប្រជុំ G20។

គួរបញ្ជាក់ថា លោក Ishiba បានប្រាប់អ្នកសារព័ត៌មានថាលោកបានបើកកិច្ចពិភាក្សាតាមទូរស័ព្ទ រយៈពេល៥នាទី ជាមួយលោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយចង់ជួប ជាមួយលោក ត្រាំ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕