រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញចលនាចាប់យក​ស្តង់ដារគុណភាព និងឧត្តមភាព ក្នុងវិស័យអប់រំ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា

(ភ្នំពេញ)៖ ​លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញចលនាចាប់យក​ស្តង់ដារគុណភាព និងឧត្តមភាព ក្នុងវិស័យអប់រំ ​ដើម្បី​ពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព និងបង្កើនទំនុកចិត្តក្នុងចំណោមអតិថិជនរបស់ខ្លួន។

លោកជំរុញបែបនេះធ្វើឡើងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ ISO 9001:2015 បញ្ជាក់ប្រព័ន្ធគ្រង់គ្រងគុណភាព ដល់សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងបានជំរុញឱ្យមានចលនាចាប់យកស្តង់ដារគុណភាព និងឧត្តមភាពនៅទូទាំងប្រទេស ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកចូលរួមប្រមាណ១.៥០០នាក់ លោករដ្ឋមន្ត្រី បានរំលេចអំពីស្ថាបត្យកម្មនៃប្រាង្គប្រាសាទនានា ដោយបានសង្កត់ធ្ងន់លើការអនុវត្តស្តង់ដារ និងគុណភាព ដើម្បីធានាសុក្រិតភាពនៃស្នាដៃហត្ថកម្មរបស់បុព្វបុរសខ្មែរ។ លោកថែមទាំងបានលើកទឹកចិត្តដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងសិស្ស-និស្សិតរបស់ ប៊ែលធី ឱ្យចូលរួមលើកតម្កើងកេរ្តិ៍ដំណែលនៃឧត្តមភាពទាំងនេះ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

​លោកបានលើកឡើងថា៖ «គុណភាព និងស្តង់ដារ មានសារៈសំខាន់កាន់តែខ្លាំងឡើងចំពោះទំនុកចិត្តអតិថិជន។ ទោះបីវិញ្ញាបនបត្រ ISO មិនមែនជាកាតព្វកិច្ចតម្រូវដោយច្បាប់ក៏ដោយ, យើងមានមោទនភាពដែលសាលា និងសាកលវិទ្យាល័យ ប៊ែលធី យល់ច្បាស់អំពីគុណតម្លៃនៃស្តង់ដារទាំងនេះ ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព និងបង្កើនទំនុកចិត្តក្នុងចំណោមអតិថិជនរបស់ខ្លួន»។​

លោកក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំផ្សេងទៀត ឱ្យចាប់យកស្តង់ដារនេះ ដោយសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ក្នុងគោលដៅគាំទ្រដល់ការការត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។

សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលវិញ្ញាបនបត្រ ISO 9001:2008 ជាលើកដំបូងក្នុងឆ្នាំ២០១២។ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិកូវីដ-១៩ ស្ថាប័ននេះបានដាក់ពាក្យស្នើសុំ និងទទួលបានវិញ្ញាបនបត្រ ISO 9001:2015 ដែលត្រូវបានធ្វើបច្ចុប្បន្នភាព និងរៀបចំពិធីប្រគល់ក្នុងថ្ងៃនេះ សម្រាប់សាខាទាំង៣២របស់ខ្លួន​៕