អ៉ីស្រាអែលថា វាយប្រហារគោលដៅក្រុមហេសបូឡា នៅជិតរដ្ឋធានីដាម៉ាស ខណៈស៉ីរីថា ត្រូវចំកន្លែងជនស៉ីវិលរស់នៅ

Oplus_131072

(ដាម៉ាស)៖ កងទ័ពអាកាសអ៉ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារលើទីស្នាក់ការចារកម្ម របស់ក្រុមហេសបូឡា ដែលស្ថិតនៅក្បែររដ្ឋធានីដាម៉ាស ប្រទេសស៉ីរី ខណៈដែលភាគីស៉ីរីនិយាយថា វាជាការវាយប្រហារកំណត់គោលដៅ លើទីតាំងជនស៉ីវិល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។

Oplus_131072

បន្ថែមពីលើការបញ្ជាក់របស់កងទ័ពអាកាស យោធាអ៉ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយថា វាជាទីស្នាក់ការចារកម្មហេសបូឡា សាខានៅក្នុងប្រទេសស៉ីរី ដែលធ្វើការងារប្រមូលព័ត៌មានសម្ងាត់ឯករាជ្យ សម្របសម្រួល និងជាបណ្តាញវាយតម្លៃផងដែរ។ រីឯ ក្រសួងការពារជាតិស៉ីរី បានឱ្យដឹងថា អ៉ីស្រាអែល កំណត់គោលដៅលើទីតាំងរបស់ជនស៉ីវិល នៅភាគខាងត្បូងរដ្ឋធានីដាម៉ាស ហើយបានបង្កការខូចខាត។ តាមសេចក្តីរាយការណ៍ដំបូងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ SANA ការវាយប្រហារកើតឡើង នៅតំបន់ Sayeda Zeinab។ ប៉ុន្តែមិន​ទាន់​មានរបាយការណ៍អំពី​អ្នក​ស្លាប់​ ឬ​របួស​នោះ​ទេ។

គួរបញ្ជាក់ថា តំបន់ Sayeda Zeinab ជាទីតាំងឈរជើងដ៏រឹងមាំរបស់ហេសបូឡា ហើយក៏មានទីសក្ការបូជា Shi’ite ដ៏សំខាន់មួយ ដែលធ្លាប់រងការវាយប្រហារពីមុនផងដែរ។ Sayeda Zeinab នៅ​តែ​ជា​គោលដៅវាយប្រហាររបស់អ៉ីស្រាអែល ​ដោយសារ​វត្តមាន​ក្រុមមេដឹកនាំ​ជាន់​ខ្ពស់ នៃក្រុមចលនាប្រដាប់អាវុធ​លីបង់ គាំទ្រដោយអ៉ីរ៉ង់មួយនេះ៕