ថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក រវាងលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស ចាប់ផ្តើមប្រព្រឹត្តទៅហើយ

(វ៉ាស៉ីនតោន)៖ ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០២៤ បានចាប់ផ្តើមហើយ ដោយការបោះឆ្នោតនៅកន្លែងដំបូងគេ បានប្រព្រឹត្តទៅនៅ Dixville Notch ដែលជាសហគមន៍តូចមួយ ស្ថិតក្នុងរដ្ឋ New Hampshire។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បេក្ខជនបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស និងបេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ គឺម្នាក់ៗទទួលបាន​សំឡេងគាំទ្រចំនួន ៣សំឡេងស្មើគ្នា ក្នុងការបោះឆ្នោត នៅសហគមន៍ដ៏តូច នាភាគឦសានរដ្ឋ New Hampshire មួយនេះ ដែលរាប់ទសវត្សរ៍មកហើយ តែងតែរៀបចំការបោះឆ្នោត នៅវេលាយប់រំលងអធ្រាត្រតែម្តង។

ច្បាប់បោះឆ្នោតនៅរដ្ឋ New Hampshire អនុញ្ញាតឱ្យសហគមន៍ ដែលមានប្រជាជនរស់នៅ តិចជាង១០០នាក់ អាចបើកទ្វារ​មណ្ឌលបោះឆ្នោត នៅពាក់កណ្តាលអធ្រាត្របាន ហើយបិទទ្វារទៅវិញ នៅពេលដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ បានបំពេញកាតព្វកិច្ចជាពលរដ្ឋរបស់ពួកគេ។

ទំនៀមទម្លាប់នៃការបោះឆ្នោតទាំងកណ្តាលអធ្រាត្របែបនេះ នៅសហគមន៍ Dixville Notch បានចាប់ផ្តើមដំបូង តាំងតែពី​ឆ្នាំ១៩៦០មកម៉្លេះ។ សម្រាប់មណ្ឌលបោះឆ្នោតភាគច្រើន នៅសហរដ្ឋអាមេរិកវិញ គឺនឹងបើកទ្វារខ្ទង់ម៉ោង៦-៧ព្រឹកថ្ងៃអង្គារ ដោយយោងតាមពេលវេលា ក្នុងតំបន់នៅអាមេរិក។

គួរបញ្ជាក់ថា ការទទួលបានសំឡេងស្មើគ្នាដូចខាងលើ នៅសហគមន៍ Dixville Notch ឆ្លុះបញ្ចាំងឱ្យឃើញពី ការប្រកួតប្រជែង​យ៉ាងស្វិតស្វាញបំផុតមួយ រវាងលោក ត្រាំ និងលោកស្រី ហារីស ក្នុងដំណើរឆ្ពោះទៅក្លាយជាប្រធានាធិបតីអាមេរិក។ ការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំនេះ ត្រូវគេរំពឹងថា នឹងមានភាពប្រកៀកប្រកិតគ្នាខ្លាំង ពិបាកនឹងទស្សន៍ទាយ ហើយអាច​នឹងត្រូវការពេលជាច្រើនថ្ងៃ ទើបអាចសន្និដ្ឋានលទ្ធផលរកឃើញអ្នកឈ្នះ-អ្នកចាញ់៕