ឥណ្ឌូណេស៉ី កំពុងដំណើរការចូលជាសមាជិក ក្នុងក្រុមប្រទេស BRICS

(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៉ី បានបង្ហាញពីបំណងរបស់ខ្លួន ក្នុងការចូលរួមជាមួយ BRICS ដែលជាសមាគមប្រទេស មានសេដ្ឋកិច្ចកំពុងរីកចម្រើន ដោយបើតាមក្រសួងការបរទេសឥណ្ឌូណេស៉ី ដំណើរការចូលជាសមាជិកបានចាប់ផ្តើមហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ីថ្មី លោក Sugiono គូសបញ្ជាក់ថា «ការចូលរួមរបស់ឥណ្ឌូណេស៉ី ជាមួយ BRICS គឺជាការបង្ហាញ ពីគោលនយោបាយការបរទេសដ៏សកម្ម និងឯករាជ្យរបស់ខ្លួន។ នោះមិនបានន័យថា យើងចូលរួមតែមួយប្លុកទេ ប៉ុន្តែយើងចូលរួមនៅគ្រប់វេទិការទាំងអស់»។ លោក Sugiono បានឱ្យដឹងបន្ថែមថា BRICS សាកសមនឹងកម្មវិធីសំខាន់ៗនៃរដ្ឋាភិបាលរបស់ លោក Prabowo Subianto ជាពិសេសទាក់ទងនឹង សន្តិសុខស្បៀង ថាមពល ការលុបបំបាត់ភាពក្រីក្រ និងការរីកចម្រើននៃធនធានមនុស្ស។ ឥណ្ឌូណេស៉ី មើលឃើញថា BRICS ជាមធ្យោបាយឆ្ពោះ ទៅរកផលប្រយោជន៍ពីលោកខាងត្បូង (Global South)។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី​ ៤​របស់​ពិភពលោក ដែលប្រកាន់គោល​នយោបាយ​ការ​បរទេស ​មិន​ចូល​បក្ស​សម្ព័ន្ធ។ នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មី លោកប្រធានាធិបតី Prabowo បាន​សង្កត់​ធ្ងន់​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​នឹង​ធ្វើ​ជា​មិត្ត​ជាមួយ​ប្រទេស​ទាំង​អស់ មិន​ថា​ចិន ឬ​សហរដ្ឋ​អាមេរិក ហើយ​ឥណ្ឌូណេស៉ី នឹង​មិន​ចូល​រួម​ក្នុង​ប្លុក​យោធា​ណា​មួយ​ឡើយ៕