ក្រុមអ្នកចរចាអាមេរិក អ៉ីស្រាអែល ត្រៀមពិភាក្សាគ្នាជាថ្មី ស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្កាហ្សា

(ដូហា)៖ ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក អ៉ីស្រាអែល នឹងជួបប្រជុំគ្នាក្នុងទីក្រុងដូហា ប្រទេសកាតា នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចាប់ផ្តើមការពិភាក្សាឡើងវិញ អំពីកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រាប់តំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០២៤។

កាតា និងអេហ្ស៉ីប បានដើរតួជាអ្នកសម្រុះសម្រួល ក្នុងជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស អស់រយៈពេលច្រើនខែមកហើយ។ តាមការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក David Barnea ប្រធានទីភ្នាក់ងារចារកម្ម Mossad នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈប្រមុខចារកម្មអាមេរិក CIA លោក William Burns ក៏នឹងមានវត្តមានក្នុងកិច្ចពិភាក្សាគ្នានោះដែរ។

ព្រះអង្គម្ចាស់កាតា Sheikh Mohammed បានឱ្យដឹងថា ក្រុមមន្រ្តីកាតា បានជួបមន្រ្តីនៃការិយាល័យនយោបាយហាម៉ាស ក្នុងទីក្រុងដូហា កាលពីប៉ុន្មានថ្ងៃកន្លងទៅ ប៉ុន្តែមកទល់ពេលនេះ គ្មានការបញ្ជាក់ណាមួយពីជំហាន​ទៅ​មុខ​នោះ​ទេ។ អេហ្ស៉ីប ឯណោះវិញ ក៏មានការពិភាក្សាដាច់ដោយឡែក ជាមួយក្រុមហាម៉ាសដែរ ហើយព្រះអង្គម្ចាស់ Sheikh Mohammed សង្ឃឹមថាកិច្ចពិភាក្សាទាំងនោះ នឹងផ្តល់លទ្ធផលវិជ្ជមាន៕