អូស្រ្តាលី ហាមពលរដ្ឋធ្វើដំណើរទៅអ៉ីស្រាអែល ហើយអំពាវនាវឱ្យអ្នកនៅទីនោះចាកចេញ ដើម្បីសុវត្ថិភាព

(ស៉ីដនី)៖ អូស្រ្តាលី បានប្រាប់ប្រជាជនរបស់ខ្លួន កុំឱ្យធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល ហើយទទូចដល់ជនជាតិអូស្រ្តាលី ឱ្យចាកចេញពីប្រទេសនេះ ក្នុងពេលដែលជើងហោះហើរនៅធ្វើប្រតិបត្តិការ ដោយលើកឡើងអំពីជម្លោះរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ ២០២៤។

រដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong បានបង្ហោះសារមួយតាមបណ្តាញសង្គម X កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា «រដ្ឋាភិបាលអូស្ត្រាលី មានការព្រួយបារម្ភខ្លាំងពីស្ថានភាពសន្តិសុខ នៅក្នុងប្រទេសអ៉ីស្រាអែល និងដែនដីប៉ាឡេស្ទីន ដែលអាចនឹងកាន់តែយ៉ាប់យ៉ឺនថែមទៀត»

គេហទំព័រណែនាំការធ្វើដំណើរ របស់រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថា មានការគំរាមកំហែងកម្រិតខ្ពស់ អំពីការវាយប្រហារផ្នែកយោធា និងភេរវករប្រឆាំងអ៉ីស្រាអែល ក៏ដូចជាផលប្រយោជន៍របស់អ៉ីស្រាអែល នៅទូទាំងតំបន់។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ក៏បានកាត់បន្ថយ និងផ្អាកជើងហោះហើរទៅអ៉ីស្រាអែល បន្ទាប់ពីការកើនឡើងនូវជម្លោះ បណ្តាលឱ្យមានការបិទដែនអាកាស។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ អ៉ីស្រាអែល បានពង្រីកគោលដៅវាយលុក ក្នុងសង្រ្គាមជាមួយក្រុមហេសបូឡា ដោយបើតាមមន្រ្តីសុខាភិបាលតំបន់ មនុស្សយ៉ាងហោចណាស់ ២១នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាស នៅភាគខាងជើងអ៉ីស្រាអែល ជាប់ព្រំដែនលីបង់៕