លីបង់ថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល សម្លាប់មនុស្សកើនដល់ ៤៩២នាក់

(ហ្ស៊េរុយសាឡិម)៖ ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលប្រឆាំងនឹងគោលដៅរាប់ពាន់កន្លែង របស់ក្រុមហេសបូឡា កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា បានកើនដល់៤៩២នាក់ និងរាប់ម៉ឺននាក់ត្រូវភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។

តាមក្រសួងសុខាភិបាលលីបង់ មនុស្សយ៉ាងហោច ៤៩២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានកុមារ ២៤នាក់ និងស្ត្រី៤២នាក់ ខណៈ១៦៤៥នាក់បានរងរបួស។ ចំណែក មនុស្ស ២៦ ០០០នាក់បានរត់ភៀសខ្លួន ដើម្បីគេចចេញពីការវាយប្រហារតាមរបស់អ៉ីស្រាអែល។ មន្ត្រីលីបង់ម្នាក់ ក៏បានបញ្ជាក់ដែរថានេះគឺជាតួលេខអ្នកស្លាប់ដោយសារ អំពើហិង្សាដ៏ច្រើនបំផុតមួយ គិតចាប់តាំងពីសម័យសង្រ្គាមស៊ីវិលក្នុងប្រទេសលីបង់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩០មក។ ក្រសួងសុខាភិបាលលីបង់បន្ថែមថា ការវាយប្រហារ របស់អ៉ីស្រាអែលបានធ្លាក់ចំផ្ទះ មន្ទីរពេទ្យ រថយន្ដសង្រ្គោះបន្ទាន់ និងរថយន្ដនៅតាមដងផ្លូវដែលកំពុងព្យាយាមរត់គេចចេញពីការវាយប្រហារ។

ខាងអ៉ីស្រាអែលឯណោះវិញ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជនលីបង់ ដោយបញ្ជាក់ដូច្នេះថា «សង្រ្គាមរបស់ អ៉ីស្រាអែលមិនមែនប្រឆាំងនឹងពួកអ្នកនោះទេ ប៉ុន្តែគឺប្រឆាំងនឹងហេសបូឡា ហើយហេសបូឡាបានប្រើប្រាស់អ្នកទាំងអស់គ្នាជាខែលការពារជាយូរណាស់មកហើយ»

គួរបញ្ជាក់ថា ក្រោយធ្វើសង្រ្គាមជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សានៅតាមបណ្ដោយព្រំដែនភាគខាងត្បូងរបស់ខ្លួន ជិតមួយឆ្នាំមកនេះ អ៉ីស្រាអែលបច្ចុប្បន្នបានផ្លាស់ប្ដូរ ការផ្តោតទៅលើព្រំដែនភាគខាងជើងជាប់ជាមួយលីបង់វិញ ជាទីដែលអ៉ីស្រាអែល និងហេសបូឡា បានបាញ់ផ្លោងគ្រាប់ដាក់គ្នាស្ទើរជារៀងរាល់ថ្ងៃ ចាប់តាំងពី សង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។ លោក Netanyahu បានបញ្ជាក់ថាគោលដៅជាអាទិភាពរបស់អ៉ីស្រាអែល គឺធ្វើយ៉ាងណាធ្វើឱ្យតំបន់ ព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែលមានសុវត្ថិភាព និងអនុញ្ញាតឱ្យប្រជាជនដែលរត់ភៀសខ្លួនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ៕