រដ្ឋមន្ត្រី ហួត ហាក់ លើកទឹកដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា

(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍កម្ពុជា។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនេះ ធ្វើឡើងនារសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាមួយមន្ត្រីរាជការរួបរួមគ្នាជាធ្លុងមួយធ្វើឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីជំរុញវិស័យទេសចរណ៍ ទាំងនៅ High season និង Green season ក្នុងនាមជាមហាគ្រួសារទេសចរណ៍តែមួយ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងទេសចរណ៍ សរុបចំនួន ៣៥០រូប។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាគួរចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា (Hand made in Cambodia) ។

អង្គភាពក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិគ្រប់ផ្នែកគ្រប់ថ្នាក់ ត្រូវមានបុរេសកម្ម សកម្ម និងអន្តរសកម្ម ផ្តល់កិច្ចសហការល្អក្នុងភាពជាដៃគូជាមួយវិស័យឯកជន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានា ភាគីពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុងកម្រិតអនុតំបន់ តំបន់ និងពិភពលោក ដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ អនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕