លោក ចូ បៃដិន ត្រូវបានរាយការណ៍ថាត្រៀមបញ្ជូនជំនួយយោធា ៣៧៥លានដុល្លារ ឱ្យអ៊ុយក្រែន

Oplus_131072

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងត្រៀមប្រកាសផ្ដល់ជំនួយយោធា ៣៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ចំពេលដែលរុស្ស៉ីកំពុងបង្កើនការទម្លាក់គ្រាប់បែកលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន នៅមុនរដូវរងាឈានចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីអាមេរិក ២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីទាំង២រូបនេះបានប្រាប់ Reuters កាលពីថ្ងៃទី២០ ខែកញ្ញាថាកញ្ចប់ជំនួយយោធាខាងលើ ត្រូវបានរំពឹងថានឹងប្រកាសនៅសប្ដាហ៍ក្រោយ ហើយដែលក្នុងកញ្ចប់ជំនួយយោធានេះរួមមានទូកល្បាត គ្រាប់រំសេវបន្ថែម សម្រាប់ប្រព័ន្ធមីស៊ីល HIMARS គ្រាប់កាំភ្លើងធំ១៥៥ និង១០៥មីលីម៉ែត្រ គ្រឿងបន្លាស់ និងអាវុធមួយចំនួនទៀត។ ប៉ុន្តែប្រភេទអាវុធ និងទំហំនៃកញ្ចប់ជំនួយនេះ អាចនឹងមានការប្រែប្រួលនៅប៉ុន្មានថ្ងៃខាងមុខ មុននឹងបញ្ជូនទៅឱ្យលោកប្រធានាធិបតី ចូ បៃដិន ចុះហត្ថលេខា។

គួរបញ្ជាក់ថា ចាប់តាំងពីខែឧសភាមក សហរដ្ឋអាមេរិកមិនធ្លាប់បានបញ្ជូនកញ្ចប់ជំនួយយោធាឱ្យអ៊ុយក្រែន លើសពី ២៧៥លានដុល្លារឡើយ ដោយប្រើប្រាស់ច្បាប់ Presidential Drawdown Authority ឬ PDA ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកដកអាវុធចេញពីឃ្លាំង ដើម្បីជួយសម្ព័ន្ធមិត្ត ក្នុងគ្រាអាសន្ន៕