មេបញ្ជាការកំពូលរបស់ហេសបូឡា ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល

(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល បានសម្លាប់មេបញ្ជាការកំពូលម្នាក់របស់ក្រុមហេសបូឡា និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់របស់ចលនាប្រដាប់អាវុធមួយនេះ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស មួយលើរដ្ឋធានីបេរូត ប្រទេសលីបង់ កាលពីថ្ងៃសុក្រ ទី២០ ខែកញ្ញា ហើយថែមទាំងបានសន្យាទៀតផងថានឹងបន្តធ្វើសកម្មភាពយោធាថ្មីៗ រហូតទាល់តែអាចធានាបានសុវត្ថិភាពនៅតាមបណ្ដោយ ព្រំដែនជាមួយលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជុំវិញការអះអាងរបស់អ៉ីស្រាអែល ក្រុមហេសបូឡា ក៏បានទទួលស្គាល់ហើយដែរនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះថាមេបញ្ជាការកំពូលរបស់ខ្លួន គឺលោក Ibrahim Aqil ពិតជាត្រូវបាន សម្លាប់ តែមិនបានបញ្ជាក់ថាស្លាប់ដោយសារអ្វីនោះទេ ដោយគ្រាន់តែហៅរូបលោកថាជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំកំពូលរបស់ហេសបូឡា។ យោធាអ៉ីស្រាអែល និងប្រភពសន្តិសុខក្នុង ប្រទេសលីបង់ បាននិយាយថាលោក Ibrahim Aqil ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើរដ្ឋធានីបេរូត កាលពីថ្ងៃសុក្រ រួមជាមួយសមាជិកជាន់ខ្ពស់ នៅក្នុង ជួរអង្គភាពពិសេសមួយរបស់ហេសបូឡា។ ដោយឡែក បើតាមក្រសួងសុខាភិបាលលីបង់វិញ មនុស្សយ៉ាងហោច ១៤នាក់បានស្លាប់ និង៦៦នាក់រងរបួស ក្នុងនោះមាន៩នាក់ រងរបួសធ្ងន់។

គួរបញ្ជាក់ថា លោក Ibrahim Aqil គឺជាមនុស្សម្នាក់ដែលសហរដ្ឋអាមេរិក តាមប្រមាញ់ជាយូរមកហើយ ជាមួយការ​ប្រកាសផ្ដល់រង្វាន់ ៧លានដុល្លារចំពោះក្បាលរបស់លោក សម្រាប់ការជាប់ពាក់ព័ន្ធនឹងការវាយប្រហារបំផ្ទុះគ្រាប់បែកលើស្ថានទូតអាមេរិក ក្នុងរដ្ឋធានី បេរូត កាលពីឆ្នាំ១៩៨៣។ លោក Aqil ជាប្រមុខកងកម្លាំង Radwan Force របស់ហេសបូឡា៕