សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចុងសប្តាហ៍នេះ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែប ឱ្យកាន់តែរីកចម្រើនរឹងមាំ សំដៅបម្រើផលប្រយោជន៍ជូនប្រទេស និងប្រជាជនទំាងសងខាងឱ្យបានកាន់តែផុលផុសឡើង។

តាមគម្រោងនៃដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិការធិបតី នឹងជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសភាប្រជាជនចិន មានជាអាទិ៍ ជួប សម្តែងការគួរសម លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន។

ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ ក៏គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទំាងពីរ ដែលនឹងផ្តល់លទ្ធភាពកាន់តែទូលំទូលាយថែមទៀតដល់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមកនៅគ្រប់កម្រិត។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងសមភាគី លោក ចាវ ឡឺជី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទំាងពីរ ផងដែរ។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទីក្រុងប៉េកំាង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី នឹងបន្តដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃ ដែលនៅទីនោះ សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបពិភាក្សាការងារជាមួយភាគីមិត្តចិន មួយចំនួនទៀត។

អំឡុងពេលទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងអញ្ជើញ ទស្សនាតំបន់វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្មសំខាន់ៗ ទំាងនៅទីក្រុងប៉េកំាង និងក្រុងសៀងហៃ ដែលជាផ្នែកមួយសំខាន់នៃការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរលើគ្រប់វិស័យ រួមមាន វិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងបច្ចេកវិទ្យាជាដើម៕