ប្រមុខការទូត EU ចាត់ទុករដ្ឋាភិបាលវ៉េណេស៊ុយអេឡា របស់លោក Maduro ថាមានលក្ខណៈផ្តាច់ការ

(ម៉ាឌ្រីត)៖ ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោក Josep Borrell បានចាត់ទុករដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ថាមានលក្ខណៈផ្តាច់ការ ខណៈដែលការលើកឡើងនេះបង្កការខឹងសម្បារពីសំណាក់ទីក្រុងការ៉ាកាស (Caracas)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៤។

កាលពីសប្តាហ៍មុន វ៉េណេស៊ុយអេឡា បានហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងម៉ាឌ្រីត ឱ្យត្រលប់មកប្រទេសវិញ ដើម្បីពិគ្រោះយោបល់គ្នា ហើយបានកោះហៅបេសកជនអេស្ប៉ាញ ប្រចាំទីក្រុងការ៉ាកាស មកសម្តែងការមិនពេញចិត្ត បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles ហៅរដ្ឋបាលលោក Maduro ថាជា «របបផ្តាច់ការ» ព្រមទាំងនិយាយថា មិនអីទេបើប្រជាជនវ៉េណេស៊ុយអេឡា ត្រូវចាកចេញពីប្រទេសរបស់ពួកគេ ដោយសារតែរដ្ឋាភិបាលខ្លួននោះ។

នៅពេលត្រូវបានសាកសួរអំពីបទសម្ភាសន៍នោះ លោក Borrell និយាយថា មនុស្សជាង ២,០០០នាក់ត្រូវបានចាប់ឃុំខ្លួនតាមអំពើចិត្ត ចាប់តាំងពីផ្ទុះជម្លោះក្រោយការបោះឆ្នោតប្រធានាធិបតី ថ្ងៃទី២៨ ខែកក្កដា។ គណបក្សនយោបាយនៅវ៉េណេស៊ុយអេឡា ត្រូវទទួលរងនូវការដាក់កំហិតធ្ងន់ធ្ងរចំពោះសកម្មភាពរបស់ពួកគេ ហើយបេក្ខជនប្រធានាធិបតីនៃគណបក្សប្រឆាំង លោក Edmundo Gonzalez Urrutia ត្រូវតែរត់ភៀសខ្លួនទៅកាន់ប្រទេសអេស្ប៉ាញ។

លោក Borrell បញ្ជាក់ថា «ប្រាកដណាស់ នេះគឺជារបៀបដឹកនាំបែបផ្តាច់ការ។ គ្រាន់តែនិយាយ មិនអាចដោះស្រាយបានទេ។ អ្វីដែលយើងត្រូវធ្វើ គឺព្យាយាមដោះស្រាយវា»។ ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil បានរិះគន់លោក Borrell នៅលើបណ្តាញ Telegram ដោយនិយាយថា ប្រមុខការទូត EU រូបនេះកំពុងធ្វើឱ្យសហភាពអឺរ៉ុបជា ក្លាយជាស្ថាប័នហួសសម័យ ដាក់អាណានិគមនិយម និងជាអ្នកបង្កសង្គ្រាម៕