(វ៉ាស៊ីនតោន)៖ សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា បាននិយាយថាសម្ព័ន្ធមិត្តរបស់ខ្លួនបានចែករំលែកព័ត៌មានសម្ងាត់ដ៏គួរឱ្យទុកចិត្តបានថាអ៉ីរ៉ង់បានផ្គត់ផ្គង់មីស៊ីលបាលិស្ទីគ ទៅឱ្យរុស្ស៉ី ជាទង្វើមួយដែលទីក្រុងវ៉ាស៊ីនតោនព្រមានថាទីក្រុងតេហេរ៉ង់នឹងត្រូវជួបផលវិបាក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការចោទប្រកាន់ខាងលើត្រូវបានអ៉ីរ៉ង់បដិសេធ ខណៈរុស្ស៉ីមិនបានប្រកែក ហើយក៏មិនទទួលស្គាល់នោះដែរ។ ក្រុមមន្ត្រីអឺរ៉ុប និងអាមេរិកបានព្រមានថាប្រសិនបើព័ត៌មានដែលថាអ៉ីរ៉ង់ បញ្ជូនមីស៊ីលបាលិស្ទីគឱ្យរុស្ស៉ីគឺជាការពិតមែន នោះវានឹងក្លាយជាទង្វើបង្ករឿងដ៏ធំមួយរបស់អ៉ីរ៉ង់ ក្នុងការគាំទ្រសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បានគូសបញ្ជាក់ថា «រាល់ការផ្ទេរមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ទៅឱ្យរុស្ស៉ី នឹងត្រូវបាន ចាត់ទុកជាទង្វើបង្ករឿងនៅក្នុងការគាំទ្ររបស់អ៉ីរ៉ង់ចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន…ហើយយើងបានបញ្ជាក់យ៉ាងច្បាស់រួចហើយថាយើងបានត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបឱ្យបានធ្ងន់ធ្ងរជាទីបំផុត»៕